ស្វែងរកពួកយើង:

Samsung Galaxy Z Fold 6 Slim នឹងមានការឌីស្សាញ Backplate ថ្មី ពី Ttanium ហើយអាចនឹងមានតម្លៃជាង 2 ពាន់ដុល្លារ

ដោយ

Koun Jab Luffy

21 សីហា 2024 09:39 ព្រឹក

អាន 3 នាទី

Article image
ខណៈពេលបច្ចុប្បន្នក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងប្រទេសចិន បានផលិត និងបញ្ចេញទូរស័ព្ទបត់អេក្រង់ដែលមានកម្រាស់ស្តើងបំផុត និងទំងន់ស្រាលបំផុតដូចជា Honor Magic V3 ជាដើម។ យ៉ាងណាមិញក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងវិញ ក៏បាននឹងកំពុងគិតគួរឡើងវិញទៅលើការផ្លាស់ប្តូរការឌីស្សាញស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ខ្លួនឲ្យមានកម្រាស់ស្តើង និងទំងន់ស្រាលជាម៉ូដែល Galaxy Z Fold 6 បច្ចុប្បន្នផងដែរ។
សម្រាប់ពេលបច្ចុប្បន្ននេះស្មាតហ្វូនបត់អេក្រង់ប្រភេទ Clamshell ម៉ូដែល Galaxy Z Flip របស់ Samsung គឺជាស្មាតហ្វូនបត់ដែលមានកម្រាស់ស្តើងជាងគេនៅក្នុងស្រឡាយស្មាតហ្វូនអេក្រង់បត់ដូចគ្នានៅលើទីផ្សារ។ ដោយឡែកសម្រាប់ម៉ូដែល Galaxy Z Fold វិញ នៅតែមានកម្រាស់ក្រាស់ជាដៃគូប្រគូតរបស់ខ្លួននៅលើទីផ្សារបច្ចុប្បន្ន។ យ៉ាងណាមិញ បញ្ហាកម្រាស់ និងទំងន់របស់ស្មាតហ្វូនអេក្រង់បត់របស់ Samsung នឹងត្រូវបានបានដោះស្រាយនៅលើម៉ូដែលថ្មីបន្ទាប់ដែលត្រូវបានគេស្គាល់ថាជា Galaxy Z Fold 6 Slim។ ស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីរបស់ Samsung នេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2024 នេះ ឬនៅដើមឆ្នាំ 2025 ដំណាលគ្នានឹងគ្រួសារ Galaxy S25 Series ផងដែរ។
Article image
បើតាមប្រភពរបាយការណ៍មួយចំនួនបានបញ្ជាក់ថា Samsung Galaxy Z Fold 6 Slim នឹងមានកម្រាស់ស្តើង និងទំងន់ស្រាលជាង Galaxy Z Fold 6 បច្ចុប្បន្ន។ បើតាមប្រភពចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា Samsung នឹងប្រើប្រាស់សមាសភាគផលិតថ្មីជាប្រភេទ Titanium សម្រាប់ការរចនារបស់ Galaxy Z Fold 6 Slim។ មានន័យថា Samsung នឹងប្រើសារធាតុលោហៈ Titanium សម្រាប់ការរចនានូវបន្ទះ Backplate របស់ Galaxy Z Fold Slim ជំនួយឲ្យសារធាតុ Carbon fiber reinforced plastic (CFRP) ដែលប្រើនៅលើ Galaxy Z Fold 6 បច្ចុប្បន្ន។
ហើយការប្រើ Titanium Backplate ថ្មីនេះ គឺនឹងផ្តល់នូវប្រសិទ្ធិភាពខ្ពស់សម្រាប់ការបត់អេក្រង់ និងភាពធន់របស់គន្លឹះត្រចៀកបត់ (Hinges)។ ហើយការប្រើប្រាស់នូវ Titanium Backplate ក៏នឹងធ្វើឲ្យ Galaxy Z Fold 6 Slim មានកម្រាស់ស្តើង និងទំងន់ស្រាលផងដែរ។ ទោះជាយ៉ាងណាការប្រើនូវបន្ទះ Titanium Backplate ថ្មីដើម្បីកាត់បន្ថយកម្រាស់ និងទំងន់របស់ Galaxy Z Fold 6 Slim នេះ ក៏នឹងធ្វើឲ្យស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីនេះ ត្រូវលះបង់នូវការប្រើប្រាស់ប៊ិច S-Pen ផងដែរ។ បច្ចុប្បន្ន Samsung បានប្រើប្រាស់លោហៈធាតុប្រភេទ Titanium នេះ សម្រាប់ការផលិតស៊ុមរបស់កំពូលស្មាតហ្វូន Galaxy S24 Ultra តែមួយប៉ុណ្ណោះ។
Article image
Samsung Galaxy Z Fold 6 Slim ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញវត្តមាននៅចន្លោះខែតុលា និងខែធ្នូ ឆ្នាំ 2024 នេះ។ យ៉ាងណាមិញ ស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីនេះ អាចនឹងមានតែសម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន តែប៉ុណ្ណោះ។ ចំពោះតម្លៃរបស់ Galaxy Z Fold 6 Slim វិញ ទំនងជានឹងខ្ពស់ជាង Galaxy Z Fold 6 បច្ចុប្បន្ន ដែលអាចនឹងមានតម្លៃចាប់ពីខ្ទង់ជាង $20,000 ឯណោះ៕
Samsung Galaxy Z Fold 6 Slim នឹងមានការឌីស្សាញ Backplate ថ្មី ពី Ttanium ហើយអាចនឹងមានតម្លៃជាង 2 ពាន់ដុល្លារ