
ក្រុមហ៊ុន Samsung Electronics នឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ម៉ូដែលពិសេសថ្មី ហៅថា Galaxy Z Fold 6 Special Edition ក្នុងពេលឆាប់ៗនេះ។ ហើយបើតាមរបាយការណ៍បានឲ្យដឹងថា Galaxy Z Fold Special Edition នឹងមានការផ្នត់បត់តូច និងកម្រាស់ស្តើងជាងម៉ូដែលធម្មតា។
បើតាមការលើកឡើងពី Ice Universe, Galaxy Z Fold 6 Special Edition នឹងមានភាពល្អប្រសើរខ្លាំងមិនធ្លាប់មានពីមុនមក។ ចំនែកលោក Ross Young ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាអេក្រង់បានបញ្ជាក់ថា Samsung នឹងធ្វើការផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់បត់ Ultra-Foldable Glass Technology។
Samsung ត្រូវបានគេរាយការណ៍ថា នឹងធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ម៉ូដែលពិសេសថ្មីរបស់ខ្លួននៅក្នុងខែតុលានេះ ប៉ុន្តែ Galaxy Z Fold 6 Special Edition ទំនងជានឹងមានលក់តែសម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង និងប្រទេសចិនតែប៉ុណ្ណោះ។

Samsun Galaxy Z Fold Edition នឹងរក្សាការរចនាដូចគ្នានឹងម៉ូដែលស្តង់ដារបច្ចុប្បន្នដដែល គ្រាន់តែនឹងកម្រាស់ស្តើងជាង។ បើតាមរបាយការណ៍បានបញ្ជាក់ថា Galaxy Z Fold 6 Special Edition នឹងមានកម្រាស់ប្រមាណ 4.9mm ប៉ុណ្ណោះនៅពេលមិនបត់ និងកម្រាស់ 10.6mm នៅពេលបត់។
ស្មាតហ្វូនអេក្រង់បត់ម៉ូដែលពិសេសថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបំពាក់សែនស័រកាមេរ៉ាគោលទំហំធំដល់ 200MP, អេក្រង់ខាងក្រៅទំហំ 6.5-inch, អេក្រង់ខាងបត់ខាងក្នុងទំហំ 8-inch និងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3៕
