
ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងមានរៀបជំនូវព្រឹត្តិការណ៌ដ៏ធំមួយនៅខែកក្កដាខាងមុខនេះហើយ ដើម្បីប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន។ យោងតាមរបាយការណ៌កន្លងមក ធ្លាប់មានការបញ្ជាក់ថា ក្រុមហ៊ុននេះ មានគម្រោងនឹងបង្ហាញនូវវត្តមានស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 ជាមួយនិងសមាជិកថ្មីមួយទៀត ដែលមានឈ្មោះថា Galaxy Z Fold 6 Ultra មួយទៀតផងដែរ ប៉ុន្តែសម្រាប់ម៉ូដែលថ្មី Ultra នេះ ត្រូវបានគេទម្លាយថ្មីៗនេះថា អាចនឹងមានវត្តមានតែនៅលើទីផ្សារប្រទេសកូរ៉េខាងត្បូងមួយប៉ុណ្ណោះ។
ថ្មីៗនេះ យោងតាមការបង្ហោះនៅលើបណ្តាញ X ដោយអ្នកទម្លាយ Evan Blass បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ នឹងមានការប្រកាសចេញនូវផលិតផលថ្មីៗជាច្រើននាពេលដ៏ខ្លីនេះ ដោយផលិតផលទាំងនោះមានដូចជា Galaxy Book 4 Edge, Galaxy Book 4 Edge Pro, Galaxy Buds 3, Galaxy Buds 3 Pro, Galaxy Ring, Galaxy Watch FE, Galaxy Watch 7 និង Galaxy Watch 7 Ultra ជាដើម។ ប៉ុន្តែអ្នកទម្លាយរូបនេះ មិនមានការបង្ហាញពីការប្រកាសចេញផលិតផលនីមួយៗនៅពេលណាច្បាស់នៅឡើយទេ។ទាក់ទងនឹងរឿងនេះមានការបញ្ជាក់ថា ព្រឹត្តិការណ៌ Galaxy Unpacked event ឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី 10 ខែកក្កដា នៅទីក្រុងប៉ារីសប្រទេសបារាំង។
សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 និង Galaxy Z Flip 6 ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញវត្តមាននៅថ្ងៃទី 10 ខែកក្កដា ខាងមុខនេះ។ សម្រាប់វត្តមានរបស់ Z Fold 6 Ultra ក៏អាចនឹងមានវត្តមាននៅក្នុងពេលតែមួយនេះដែរ ប៉ុន្តែមិនទាន់ច្បាស់នោះទេ។ គួរបញ្ជាក់ថា កាលពីពេលមុននេះមានរបាយការណ៌មួួបានទម្លាយថា Samsung បាននឹងកំពុងធ្វើការនៅលើស្មាតហ្វូន Z Fold 6 Ultra ហើយ ដោយមានលេខកូដម៉ូដែល SF-F958N ហើយស្មាតហ្វូននេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារកូរ៉េខាងត្បូង។

មកដល់ពេលនេះ គេនៅមិនទាន់ទទួលបាននូវព័ត៌មានណាមួយ ដែលនិយាយថា ស្មាតហ្វូនម៉ូដែល Ultra នេះ នឹងមានវត្តមាតនៅលើទីផ្សារសកលនៅពេលណានៅឡើយទេ។ ខណៈពេលនេះ គឺមាយតែព័ត៌មានពីស្មាតហ្វូន Z Fold 6 Ultra សម្រាប់តែទីផ្សារកូរ៉េខាងត្បូងប៉ុណ្ណោះ។
