
នៅពេលនេះ ក្រុមហ៊ុន Samsung បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនម៉ូដែល Galaxy Z Fold 6 Ultra នៅលើទីផ្សារប្រទេសជាច្រើន។ បន្ទាប់ពីមានការជូនដំណឹងស្តីពីការបង្ហាញវត្តមានម៉ូដែល “Ultra” ទៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold Series កាលពីដើមឆ្នាំនេះមក អ្នកតាមដានជាច្រើនបានបញ្ចេញនូវទស្សនៈខុសគ្នាទាក់ទងនឹងការលក់ស្មាតហ្វូននេះ។
យោងតាមការបង្ហាញចេញពីវិបសាយ Android Headlines កន្លងមក គឺធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Z Fold 6 Ultra អាចនឹងមានលក់តែនៅលើទីផ្សារកូរ៉ខាងត្បូងតែមួយប៉ុណ្ណោះ។ ប៉ុន្តែពេលនេះក្រុមការងាររបស់ Android Headlines បានចេញមកបញ្ជាក់ជាថ្មីហើយថា ស្មាតហ្វូនអេក្រង់បត់បាន Z Fold 6 Ultra ក៏នឹងមានលក់នៅលើទីផ្សារប្រទេសចិនផងដែរ។

កាលពីពេលមុននេះ Galaxy Z Fold 6 និង 6 Ultra ត្រូវបានគេបញ្ជាក់ថា នឹងមានលេខម៉ូដែល Q6 និង Q6A។ នៅក្នុងនោះ ក៏មានការបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 Ultra អាចនឹងមានលេខម៉ូដែល SM-F958N ហើយក៏និងមានលក់តែនៅលើទីផ្សារប្រទេសកូរ៉េខាងត្បូងតែមួយគត់ផងដែរ។ ប៉ុន្តែពេលនេះ គឺមានការផ្លាស់ប្តូរហើយ Z Fold 6 Ultra គឺមានការប្រើប្រាស់នូវលេខម៉ូដែលថ្មីគឺ SM-W9025។
សូមជំរាបថា ក្រុមហ៊ុន Samsung ដាក់លក់ស្មាតហ្វូន Z Fold នៅលើទីផ្សារសកលពីមុនមក គឺមានការប្រើប្រាស់នូវឈ្មោះខុសគ្នាជាមួយនិងស្មាតហ្វូនដែលលក់នៅលើទីផ្សារប្រទេសចិន។ សម្រាប់ Galaxy Z Fold5 និង Z Flip 5 ដែលចេញលក់ឆ្នាំនេះ គឺមានឈ្មោះថា Galaxy W24 និង W24 Flip នៅពេលលក់នៅលើទីផ្សារចិន។ នៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានចុះឈ្មោះ SM-W9025 សម្រាប់ Z Fold 6 Ultra នៅលើទីផ្សារប្រទេសចិន។ ដូច្នេះផ្អែកលើឈ្មោះសម្រាប់ទីផ្សារសកល “Z Fold 6 Ultra” គឺពិតជាប្តូរទៅជា “Galaxy W25 Ultra” វិញ សម្រាប់ទីផ្សារប្រទេសចិន។

ទាក់ទងនឹងព័ត៌មាននេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងមានលក់ស្មាតហ្វូនអេក្រង់បត់បាន Z Fold 6 Ultra នៅលើទីផ្សារសកល ប៉ុន្តែអាចនឹងមានចំនួនកំណត់ប៉ុណ្ណោះ។ ស្មាតហ្វូនម៉ូដែល “Ultra” នេះត្រូវបានគេរាយការណ៌ថា អាចនឹងបង្ហាញវត្តមាននៅឆ្នាំ 2025 ខាងមុខនេះ ជាមួយនិង Galaxy Tab S10 និង Galaxy S25 Series។
