ស្វែងរកពួកយើង:

Samsung Galaxy Z Fold 8 នឹងមានទំងន់ស្រាលជាង និងបង្កើនថាមពលថ្មធំជាងជំនាន់មុន

ដោយ

Koun Jab Luffy

05 មករា 2026 11:44 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោករបស់កូរ៉េខាងត្បូង Samsung Electronics បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួន គឺ Samsung Galaxy Z Fold 8 និង Z Flip 8។ ដែលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួនផ្លូវការណ៍នៅក្នុងខែកក្តដា ឆ្នាំ 2026 ខាងនេះ។
បើយោងទៅលើប្រភពព័ត៌មានដែលបានបែកធ្លាយថ្មីៗនេះ បានបង្ហើបថា Galaxy Z Fold 8 និង Z Flip 8 នឹងមានការកែប្រែការឌីស្សាញជាមួយនឹងការបន្ថយទំងន់កាន់តែស្រាលជាងមុន កម្រាស់ស្តើងជាងមុន បង្កើនទំហំថ្មធំជាងមុន និងបំពាក់មុខងារប្រើប្រាស់ថ្មីៗកាន់តែសម្បូរបែប ប៉ុន្តែ តម្លៃអាចនឹងមិនឡើងថ្លៃខ្លាំងជាងជំនាន់ Galaxy Z Fold និង Z Flip 7 នោះទេ។
ប្រភពដដែលបានបញ្ជាកថា Samsung Galaxy Z Fold 8 នឹងមានទំងន់ស្រាលត្រឹម 200g ដែលស្រាលជាង Galaxy Z Fold 7 បច្ចុប្បន្ន 15g ខណៈ Galaxy Z Flip 8 មានទំងន់ត្រឹម 150g ស្រាលជាង Galaxy Z Flip 7 ប្រមាណ 38g។ ទោះបីជាមានទំងន់ស្រាលជាងជំនាន់មុនក៏ពិតមែន ប៉ុន្តែ Galaxy Z Fold 8 នឹងមានការបង្កើនទំហំថ្មឡើងដល់ 5,000mAh ធំជាងថ្ម Galaxy  Z Fold 7 ប្រមាណ 600mAh។ ដោយឡែកសម្រាប់ថ្មរបស់ Galaxy Z Flip 8 ប្រភពមិនបង្ហើបឲ្យដឹងនៅឡើយទេ គ្រាន់តែដឹងថា នឹងមានទំហំជាងថ្ម Z Flip 7 បន្តិច។
ទាក់ទងនឹងអនុភាពនៃកម្លាំងម៉ាស៊ីនវិញ Samsung Galaxy Z Fold 8 និង Z Flip 8 នឹងដំណើរការនៅលើបន្ទះឈីបនាគរាជដ៏មានឥទ្ធិពលរបស់ Qualcomm គឺ Snapdragon 8 Elite Gen 5។ ជាមួយគ្នានេះ បើតាមប្រភពមួយចំនួនបានឲ្យដឹងថា សម្រាប់ Galaxy Z Flip 8 ក៏នឹងមានម៉ូដែលប្រើបន្ទះកំពូលជំនាន់ថ្មីរបស់ Samsung ផងដែរ គឺជាឈីប Exynos 2600។ ជាដំណឹងល្អ ទោះបីជាមានការបង្កើននូវសមត្ថភាពផ្នែករឹងខ្ពស់ជាងមុនក៏ពិតមែន ប៉ុន្តែ Samsung ត្រូវបានគេរំពឹងថា អាចនឹងរក្សាតម្លៃរបស់ Galaxy Z Fold 8 និង Z Flip 8 របស់ខ្លួនមិនឲ្យឡើងថ្លៃខ្ពស់ជាងជំនាន់ Galaxy Z Fold 7 និង Z Flip 7 បច្ចុប្បន្ននេះឡើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ន Samsung នៅតែគ្រប់គ្រងដំណែងជាអធិរាជ្យក្នុងទីផ្សារស្មាតហ្វូនអេក្រងបត់កម្រិតថ្នាក់ Premium នៅលើទីផ្សារពិភពលោក បើទោះបីជាមាន ការប្រកូតប្រជែងខ្លាំងពីក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ ជាពិសេសក្រុមហ៊ុនចិនដូចជា Huawei, Xiaomi, Oppo, Vivo, Honor និង Googleក៏ដោយ ហើយនៅពេលអនាគត Samsung ក៏នឹងទទួលបានដៃគូប្រកូតប្រជែងថ្មីទៀតផងដែរ នោះគឺ Apple ដែលត្រូវបានគេព្យាករណ៍ថា ត្រៀមបញ្ចេញស្មាតហ្វូនបត់ដំបូង (iPhone Fold) នៅក្នុងឆ្នាំនេះ ហើយនិងចេញលក់នៅឆ្នាំ 2027 ផងដែរ៕
Samsung Galaxy Z Fold 8 នឹងមានទំងន់ស្រាលជាង និងបង្កើនថាមពលថ្មធំជាងជំនាន់មុន