ស្វែងរកពួកយើង:

Samsung Galaxy Z Fold Special Edition ត្រូវគេទម្លាយថា នឹងមានកាមេរ៉ាគោលទំហំ 200MP

ដោយ

Koun Jab Luffy

30 សីហា 2024 09:00 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីម៉ូដែលពិសេស Galaxy Z Fold Special Edition នៅក្នុងពេលឆាប់ៗនេះហើយ។ សម្រាប់ម៉ូដែលថ្មីនេះ នឹងមានការឌីស្សាញរូបរាងថ្មី មានកម្រ៉ាស់ស្តើងជាងស្មាតហ្វូន Galaxy Z Fold6 ដែលមានលក់នៅលើទីផ្សារពេលបច្ចុប្បន្ន។ ជាមួយគ្នានេះក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេសនេះ នឹងមានការបំពាក់នូវកាមេរ៉ាមានសមត្ថភាពខ្ពស់ជាងម៉ូដែលមុនផងដែរ។
បើតាមការទម្លាយចេញពីលោក Evan Blass បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេស Samsung Galaxy Z Fold Special Edition នេះ នឹងមានកាមេរ៉ាគោលទំហំ 200MP។ សម្រាប់កាមេរ៉ាថ្មីនេះ អាចនឹងប្រើប្រាស់នូវសិនស័រថ្មី ISOCELL HP9។ ប្រភពខាងលើបន្តថា សម្រាប់សិនស័រថ្មីនេះ គឺមិនសមត្ថភាពខ្ពស់ដូចសិនស័រ ISOCELL HP2 ដែលមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Ultra ប៉ុន្តែមានការប្រើប្រាស់ Tetra-Pixel Technology កម្រិត 0.56μm pixels និងមាន 1/1.4 អ៊ីង។
Article image
ស្មាតហ្វូនម៉ូដែលពិសេសេនេះ អាចនឹងមានអេក្រង់ខាងក្នុងទំហំ 8 អ៊ីង ខណៈដែលអេក្រង់ខាងក្រៅមានទំហំ 6.5 អ៊ីង និងមានកម្រ៉ាស់ប្រហែល 10.6mm នៅពេលដែលបត់។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ចេញនូវព័ត៌មានទាក់ទងជាមួយនិងបន្ទះឈីប ក៏ដូចជាថាមពលថ្មនៅឡើយទេ ខណៈដែលការប្រកាសចេញជាផ្លូវការណ៌របស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ អាចនឹងមកដល់នៅខែកញ្ញា ឬក៏ខែតុលាខាងមុខនេះហើយ។
Article image
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold Special Edition ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកួតប្រជែងជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ប្រទេសចិនមួយចំនួនរួមមានដូចជា Magic V3 និង Mix Fold 4 ជាដើម។ ប៉ុន្តែបើតាមពាក្យចចាមអារ៉ាមមុននេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេសនេះ ទំនងជានឹងមានដាក់លក់នៅលើទីផ្សារកូរ៉េខាងត្បូង និងទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung ដូចជាគ្មានគម្រោងនៅក្នុងការប្រកាសចេញនៅលើទីផ្សារសកលនោះទេ។
Samsung Galaxy Z Fold Special Edition ត្រូវគេទម្លាយថា នឹងមានកាមេរ៉ាគោលទំហំ 200MP