
បើយោងតាមពាក្យចចាមអារ៉ាមថ្មីមួយនៅថ្ងៃនេះ បានអោយដឹងថា Galaxy Z Fold Special Edition ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នឹងនឹងមានការទ្រទ្រង់នូវប៊ិក S Pen ខណៈដែលពាក្យចចាមអារ៉ាមជាច្រើនកាលពីមុននេះ ត្រូវបានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមិនមានការទ្រទ្រង់នូវប៊ិកនោះទេ។ ប្រភពខាងលើនេះបន្តថា បើទោះបីជាមានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់នេះអាចនឹងទ្រទ្រង់ទៅលើប៊ិច S Pen ក៏ដោយ ប៊ិកនេះ ប្រហែលជាមិនមានរន្ធដោតដូចទៅនឹងស្មាតហ្វូន Galaxy Z Fold6 នោះទេ។
គួរបញ្ជាក់ថា មុននេះ មានការទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold Special Edition នេះ នឹងមានកាមេរ៉ាគោលទំហំ 200MP ហើយនឹងមានកម្រាស់ 4.9mm នៅពេលដែលបើក និងកម្រាស់ 10.6mm នៅពេលដែលបិទ។ ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេសថ្មីនេះ គឺមានអេក្រង់ខាងក្នុងទំហំ 8 អ៊ីង ហើយនិងមានអេក្រង់ខាងក្រៅមានទំហំ 6.5’’។

ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold Special Edition ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកួតប្រជែងជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ប្រទេសចិនមួយចំនួនរួមមានដូចជា Magic V3 និង Mix Fold 4 ជាដើម។ ប៉ុន្តែបើតាមពាក្យចចាមអារ៉ាមមុននេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេសនេះ ទំនងជានឹងមានដាក់លក់នៅលើទីផ្សារកូរ៉េខាងត្បូង និងទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung ដូចជាគ្មានគម្រោងនៅក្នុងការប្រកាសចេញនៅលើទីផ្សារសកលនោះទេ។
៕
