
ក្រុមហ៊ុន Samsung System LSI ត្រូវបានគេមើលឃើញថា ហាក់ដូចជាមានដំណើរការមិនល្អនោះទេ កាលពីឆ្នាំ 2024 កន្លងទៅនេះ ហើយក្រុមហ៊ុននេះក៏មានការបរាជ័យទៅលើការផ្គត់ផ្គង់បន្ទះឈីប Exynos 2500 សម្រាប់ស្មាតហ្វូន Galaxy S25 Series ដែលជាម៉ូដែលប្រណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះដែរ។ ដោយសារតែមានបញ្ហាទៅលើការខ្វះខាតបន្ទះឈីបនេះបណ្តាលអោយមានការផ្លាស់ប្តូរយ៉ាងខ្លាំង។
យោងតាមរបាយការណ៍ថ្មីមួយចេញពី Business Post នៅពេលនេះ បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងផ្ទេរអាជីវកម្ម Exynos ចេញពីក្រុមហ៊ុន System LSI ទៅកាន់ក្រុមហ៊ុន Samsung MX (Mobile eXperience) វិញ។ ជាមួយនិងការការផ្លាស់ប្តូរនេះ អាចនឹងមានអនុញ្ញាតអោយក្រុមហ៊ុន Mobile eXperience អាចធ្វើការឌីស្សាញថ្មីទៅលើបន្ទះឈីប Exynos របស់ខ្លួន។

បន្ទះឈីបរបស់ក្រុមហ៊ុននេះ អាចនឹងធ្វើការផលិតដោយក្រុមហ៊ុន Samsung។ សកម្មភាពនេះ ត្រូវបានគេមើលឃើញថា អាចស្រដៀងគ្នាទៅនឹងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Apple អញ្ចឹងដែរ។ ក្រុមហ៊ុនអាមេរិកាំងមួយនេះ បានធ្វើការឌីស្សាញទៅលើបន្ទះឈីប A និង M ទៅលើ iPhone និង iPad ផងដែរ។

របាយការណ៍ដដែលនេះ បាននិយាយបន្តថា ការលេចចេញនូវព័ត៌មាននេះ អាចនឹងមកពីការខ្វែងគំនិតគ្នាទៅលើផ្ទៃក្នុងរវាងក្រុហ៊ុនធំៗទាំងនេះ។ សូមជំរាបថា កន្លងមក ក្រុមហ៊ុន Samsung MX និង System LSI បានបន្តក្នុងការធ្វើការងារយ៉ាងច្រើន ដែលពួកគេធ្លាប់ធ្វើពីមុនមក ប៉ុន្តែប្រសិនមានការការផ្លាស់ប្តូរដែលពាក់ព័ន្ធទៅនឹងការផ្ទេរការងាររបស់ Exynos ពីក្រុមហ៊ុន System LSI ទៅកាន់ MX ដូចការលើកឡើងខាងលើនេះ បញ្ជាក់ថា អាជីវកម្មបន្ទះឈីប Exynos អាចនឹងត្រូវផ្ទេរទៅកាន់ក្រុមហ៊ុន MX ហើយ។ ជាមួយការទទួលខុសត្រូវនេះ ក្រុមហ៊ុន MX ក៏អាចនឹងប្រឈមទៅនឹងផលវិបាកជាច្រើនផងដែរ៕
