
Samsung បានបញ្ចេញលក់ម៉ូទ័រនីទ័រ Gaming ស៊េរីថ្មីម៉ូដែល Odyssey OLED G50SF នៅក្នុងទីផ្សារប្រទេសចិន នូវែលសេឡង់ និងឥណ្ឌូនេស៊ី។ Odyssey OLED G50SF បំពាក់មកជាមួយបច្ចេកវិទ្យាអេក្រង់ QD-OLED Panel ទំហំ 27-inch គាំទ្រកម្រិតបង្ហាញចេញច្បាស់ដល់ 2K ឬ 2560×1440px ដែលគាំទ្រល្បឿន refresh rate 180Hz តាមរយះការភ្ជាប់ជាមួយរន្ធ DisplayPort និង 144Hz នៅពេលភ្ជាប់តាមរយះរន្ធ HDMI ជាមួយល្បឿន response time 0.03ms ដែលផ្តល់នូវកម្រិតភាពច្បាស់ល្អបំផុតសម្រាប់ការលេងហ្គេម និងទស្សនាវីដេអូកម្រិតខ្ពស់។
អេក្រង់របស់ Odyssey OLED G50SF គាំទ្រនូវកម្រិតទឹកពណ៌ 99% DCI-P3 color gamut និង HDR10 ដែលផ្តល់នូវកម្រិតទឹកពណ៌ខ្មៅដិតច្បាស់ កម្រិតពន្លឺខ្ពស់ និងកម្រិតបង្ហាញរូបភាពច្បាស់ម៉ដ្ឋត្រជាក់ភ្នែក។ ម៉ូនីទ័រហ្គេមីងស៊េរីថ្មីនេះ ក៏មានមុខងារបង្ហាញកម្រិត 178 ដឺក្រេទាំងការផ្តេក និងបញ្ឈរថែមទៀតផង ដែលតម្រូវបានតាមការប្រើប្រាស់។ ជាងនេះទៅទៀត Samsung បានដាក់បញ្ចូលនូវមុខងារប្រើប្រាស់ប្រកបដោយផាសុខភាពជាច្រើនទៀតដូចជា បច្ចេកវិទ្យា Glare-Free ជួយកាត់បន្ថយចំណាំងពន្លឺបានយ៉ាងល្អ, Eye Save Mode និង Flicker Free ដើម្បីជួយការពារផ្នែកមិនអោយឈឺក្រហាយនៅពេលសំឡឹងអេក្រង់ម៉ូនីទ័រយូរ។
Samsung Odyssey OLED G50SF ក៏មានមកជាមួយនូវមុខងារអាចសេរេតម្រូវតាមការប្រើប្រាស់របស់យើងដូចជា tilt adjustment និង VESA mounting ជាដើម។ បន្ថែមពីនេះវាក៏មានមកជាមួយមុខងារ burn-in protection និង temperature management ដែលជួយឲ្យអាយុកាលប្រើប្រាស់អេក្រង់មានរយះពេលយូរថែមទៀតផង។ ចំពោះបច្ចេកវិទ្យាអេក្រង់ Quantum Dot OLED panel ផ្តល់ជូននឹងកម្រិតទឹកពណ៌ច្បាស់ដិត ជាមួយកម្រិត static contrast ratio ខ្ពស់ដល់ 1,000,000:1 ជាមួយកម្រិតបាញ់ពន្លឺ typical brightness ខ្នាត 200 cd/m²។
ទៅលើមុខងារតភ្ជាប់វិញ Odyssey OLED G50SF មាននូវរន្ធ DisplayPort1.2, HDMI2.0 និងរន្ធដោតកាសខ្នាត 3.5mm។ ជាមួយគ្នានេះវាក៏គាំទ្រមុខងារ FreeSync និង G-Sync ផងដែរ។ Gaming Monitor ស៊េរីថ្មីនេះ គាំទ្រកម្លាំងភ្លើងទូទៅ 28W និងដល់ 78W។ Odyssey OLED G50SF មានទំងន់ 3.3kg នៅពេលភ្ជាប់ជាមួយជើងទម្រ និងទំងន់ 2.5kg នៅពេលមិនភ្ជាប់ជាមួយជើងទម្រ។ ជើងទម្ររបស់ Odyssey OLED G50SF អាចកាច់បានកម្រិតមុំពី -2 ទៅ 15 ដឺក្រេ ហើយអាចភ្ជាប់នៅលើជញ្ជាំងបានដោយប្រើនូវជើងខ្នាត 100×100 VESA។

Samsung Odyssey OLED G50SF មានលក់នៅទីផ្សារនូវែលសេឡង់តម្លៃខ្ទង់ $517, នៅប្រទេសចិនតម្លៃខ្ទង់ $372, តៃវ៉ាន់តម្លៃខ្ទង់ $455 និងឥណ្ឌូនេស៊ីតម្លៃខ្ទង់ $482។ Samsung មិនទាន់បញ្ជាក់ពីការនាំចេញទៅលក់នៅបណ្តាប្រទេសផ្សេងទៀតនៅឡើយទេ ប៉ុន្តែមានការព្យាករណ៍ថាអាចនឹងចេញលក់នៅចុងឆ្នាំនេះ៕
