
ក្រុមហ៊ុន Samsung Electronics បាននឹងកំពុងរៀបចំខ្លួនដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងឧស្សាហកម្មឧបករណ៍ Extended reality ឬ XR ជាមួយនឹងវ៉ែនតាឆ្លាតវៃ XR ដែលរំពឹងថានឹងមកដល់នៅក្នុងត្រីមាសទី 3 ក្នុងឆ្នាំ 2025។ សម្រាប់ការអភិវឌ្ឍន៍ផលិតវ៉ែនតាឆ្លាតវៃ XR Glasses ថ្មីនេះ ត្រូវបានគេដឹងថា Samsung បានសហការជាមួយ Google ដែលត្រូវបានគេរំពឹងថា នឹងមានលក្ខណៈសម្បត្តិពិសេសដូចគ្នាជាមួយនឹង Ray-Ban Meta Glasses ដែលមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃកម្រិតខ្ពស់ (Advanced AI)។
សម្រាប់ការផលិតដំបូងរបស់វ៉ែនតាឆ្លាតវៃ Samsung XR Glasses នេះ ត្រូវបានគេព្យាករណ៍ថា នឹងមានចំនួនប្រមាណ 500,000 គ្រឿង ដែលនេះជាការបង្ហាញពីចេតនារបស់ Samsung ក្នុងការជ្រៀតចូលទៅក្នុងវិស័យបច្ចេកវិទ្យាឧបករណ៍ដែលអាចពាក់បាន (wearable tech market)។ បើយោងតាមរបាយការណ៍ស្រាវជ្រាវដោយក្រុមហ៊ុន Wellsen XR និងព័ត៌មានលម្អិតពីកាសែត Maeil Business News ឲ្យដឹងថាវ៉ែនតា XR ជំនាន់ថ្មីដែលត្រៀមបង្ហាញខ្លួននាពេលខាងមុខរបស់ Samsung នឹងបំពាក់បន្ទះឈីប Qualcomm AR1 ដែលជាឈីបដូចគ្នាដែលបានប្រើនៅលើវ៉ែនតា Ray-Ban Meta។
Samsung XR Glasses ក៏នឹងរួមបញ្ចូលនូវកាមេរ៉ាទំហំ 12MP ហើយនិងថាមពលថ្ម 155mAh ដែលជាទំហំថ្មប្រហាក់ប្រហែកគ្នានឹងផលិតផលវ៉ែនតារបស់ Meta។ XR Glasses នឹងមានទំងន់ប្រមាណ 50 ក្រាម ដែលជាទំងន់ធ្ងន់ជាង Meta Glasses បន្តិច។ ហើយ XR Glasses ជំនាន់ថ្មី អាចនឹងមានការផ្តោតសំខាន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាជំនួយការឆ្លាតវៃ Gemini AI របស់ Google ដើម្បីធ្វើការគ្រប់គ្រងកិច្ចការប្រើប្រាស់មួយចំនួនដូចជា ការទូទាត់ប្រាក់, ការកំណត់សំគាល់ QR Code, ការសម្គាល់កាយវិការ និងការសម្គាល់មុខជាដើម។

ជាមួយគ្នានេះ Samsung ត្រូវបានគេរាយការណ៍ថា ក៏បាននឹងកំពុងអភិវឌ្ឍឧបករណ៍ XR ដែលមានសមត្ថភាពខ្ពស់ស្រដៀងទៅនឹង Apple Vision Pro ដែរ។ ឧបករណ៍ថ្មីមួយនេះ ធ្លាប់ត្រូវបានព័ត៌មានចចាមអារ៉ាមចុះផ្សាយថានឹងដំណើរការលើបន្ទះឈីប XR2+ Gen 2របស់ Qualcomm។ Samsung High-end XR ក៏នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ដែលមានគុណភាពបង្ហាញខ្ពស់ និងមានប្រព័ន្ធដំណើរការ higher computing power ផងដែរ៕
