ស្វែងរកពួកយើង:

Samsung កំពុងតែសំងំធ្វើការអភិវឌ្ឍន៍ទៅលើស្មាតហ្វូនអេក្រង់បត់កម្រាស់ស្តើងបំផុតត្រឹម 7mm ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

19 កក្កដា 2024 06:08 ព្រលប់

អាន 2 នាទី

Article image
បច្ចុប្បន្នស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងជាងគេបំផុតក្នុងលោក គឺបានទៅលើ Honor Magic V3 ដែលមានកម្រាស់ត្រឹមតែ 9.2mm ប៉ុណ្ណោះនៅពេលបត់ (Fold)។ ហើយបច្ចុប្បន្នស្មាតហ្វូនអេក្រង់បត់ដែលកំពុងកាន់កាប់ទីផ្សារស្មាតហ្វូនបត់នៅលើទីផ្សារសកល គឺជា Galaxy Z Fold Series របស់ Samsung។
ហើយថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ ទើបតែបានធ្វើការប្រកាសចេញផ្លូវការណ៍នៅស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីចុងក្រោយរបស់ខ្លួន គឺ Galaxy Z Fold 6 ប៉ុន្តែ ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold ជំនាន់ថ្មីពី Samsung គឺនៅរក្សាកម្រាស់ក្រាស់ដដែលនៅពេលបត់ ដោយនៅពេលបត់កម្រាស់របស់ Z Fold 6 គឺមានកម្រាស់ប្រមាណ 12.1mm ដែលក្រាស់ជាង Honor Magic V3 ប្រមាណ 2.9mm។ ប៉ុន្តែ ក្នុងពេលនេះ មានលេចលឺព័ត៌មានថ្មីថា Samsung បាននឹងកំពុងគិតគួរក្នុងការកាត់បន្ថយកម្រាស់របស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ក្រោយៗរបស់ខ្លួន។
បើតាមប្រភពព័ត៌មានចេញពីបណ្តាញ Naver បានឲ្យដឹងថា Samsung បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងបំផុត គឺមានកម្រាស់ត្រឹមតែ 7mm ប៉ុណ្ណោះ នៅពេលបត់។ ដែលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ Samsung នឹងក្លាយជាគូប្រជែងជាមួយនឹង Magic V3 របស់ Honor ទៅលើផ្នែកកម្រាស់។ ប៉ុន្តែ សម្រាប់ឧបគ្គសដែលត្រូវប្រឈមមុខជាមួយការកាត់បន្ថយកម្រាស់ស្មាតហ្វូនអេក្រង់ឲ្យស្តើងបំផុតនេះ គឺមានដូចជាភាពធានាបាននៅភាពរឹងមាំ ពោល គឺ Samsung នឹងត្រូវបានសមាសធាតុថ្មីក្នុងការផលិត ការដកចេញនៅប៊ិច S-Pen ក៏ដូចជាការកាត់បន្ថយទំហំនៃថ្មជាដើម។
Article image
ទោះជាយ៉ាងណា នេះគឺជាដំណឹងដំបូងបង្អស់ទាក់ទងនឹងស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងបំផុតពី Samsung។ ទន្ទឹងនេះ ក៏មានលេចលឺព័ត៌មានថា Samsung បាននឹងកំពុងដំណើរការផលិតស្មាតហ្វូនអេក្រង់ស៊េរីថ្មីជាម៉ូដែល Galaxy Z Fold 6 Slim ប៉ុន្តែ មិនមានព័ត៌មានច្បាស់ទេថា Galaxy Z Fold 6 Slim មានកម្រាស់ស្តើងត្រឹម 7mm នោះទេ។ ជាមួយគ្នានេះ ប្រភពបានបញ្ជាក់ថា Samsung ក៏បាននឹងកំពុងធ្វើការលើមុខងារថ្មីៗពិសេសៗសម្រាប់ដាក់បញ្ចូលក្នុងស្មាតហ្វូនអេក្រង់ស៊េរីថ្មីរបស់ខ្លួនផងដែរ ដើម្បីឲ្យវាក្លាយជាស្មាតហ្វូនអេក្រង់ថ្មីដែលមានមុខងារថ្មីខុសពីស្មាតហ្វូនអេក្រង់បត់ធម្មតាទូទៅ៕