
ការបញ្ជាទិញមុខសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 Series នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងមានការកើនឡើងខ្លាំង នេះបើតាមសេចក្តីរាយការណ៍ចេញពីបណ្តាញផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូង។ បើតាមរបាយការណ៍បាននិយាយថា ការបញ្ជាទិញ Samsung Galaxy S24 Series នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួន 1.2 លានគ្រឿង នៅក្នុងមួយសប្តាហ៍ដំបូង ដែលមានចំនួនច្រើនជាងការបញ្ជាទិញកាលពីជំនាន់ Galaxy S23 Series ឆ្នាំមុនដែលមានចំនួន 1.09 លានគ្រឿង សម្រាប់រយះពេលដូចគ្នានៃការបើកទទួលការបញ្ជាទិញ។
យោងទៅលើបណ្តាញសារព័ត៌មានកូរ៉េខាងត្បូង ETNews បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងធ្វើការនាំចេញកំពូលស្មាតហ្វូនជំនាន់ថ្មីនេះបានប្រមាណ 36 លានគ្រឿង ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការនាំចេញបានចំនួន 30 លានគ្រឿងកាលពីជំនាន់ Galaxy S10 និង S10+ ទាំងពីរដែលបានប្រកាសចេញកាលពី 5 ឆ្នាំមុន។ ការបញ្ជាទិញសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Series មានការកើនឡើងខ្លាំង គឺមិនត្រឹមតែតាមរយះអនឡាញនោះទេ នៅតាមបណ្តាហាងលក់រាយផ្ទាល់ក៏កើនឡើងខ្លាំងផងដែរ។
ចំនុចដែលទាក់ចិត្តរបស់អ្នកប្រើប្រាស់ដែលគាំទ្រម៉ាកយីហោស្មាតហ្វូនក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ គឺទៅលើប្រព័ន្ធបច្ចេកវិទ្យា AI ថ្មីដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មីមួយនេះតែម្តង ព្រោះថា ពួកគេចង់ភ្លក់រសជាតិថ្មី បទពិសោធន៍ប្រើប្រាស់ថ្មីជាមួយបច្ចេកវិទ្យាឆ្លាតវៃទំនើបចុងក្រោយរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីទាំងបីម៉ូដែលនេះ ជាពិសេស គឹបងធំ Galaxy S24 Ultra តែម្តង។

បើតាមទិន្នន័យចេញពីបណ្តាញដែលបានបើកទទួលការបញ្ជាទិញមួយរបស់កូរ៉េខាងត្បូងបានបង្ហាញថា ការបញ្ជាទិញសម្រាប់ម៉ូដែល Galaxy S24 Ultra គឺមានចំនួនដល់ទៅ 60% ក្នុងចំនួនដែលទទួលការបញ្ជាទិញសរុប។ ទោះជាយ៉ាងបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ Samsung បាននិយាយថាទាំងនេះគ្រាន់តែជាទិន្នន័យបណ្តោះអាសន្ន និងការព្យាករណ៍មុនតែប៉ុណ្ណោះ ហើយសម្រាប់ទិន្នន័យជាក់លាក់នៃការបញ្ជាទិញ ក្រុមហ៊ុននឹងធ្វើការប្រកាសចេញនៅពេលដែលការនាំចេញបងប្អូន Galaxy S24 Series ទៅកាន់ទីផ្សារនៅថ្ងៃទី 30 ខែមករា សប្តាហ៍ខាងមុខនេះ៕
