
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Samsung Electronics បានបន្តធ្វើការងារនៅលើអាជីវកម្មបន្ទះឈីប ថែមទៀតហើយបន្ទាប់សង្វាក់ផលិតកម្មរបស់ខ្លួនទៅបន្ទះឈីប Exynos 2500 ដែលដំណើរការនៅលើបច្ចេកវិទ្យា 3nm ទទួលបាននូវភាពជោគជ័យ។ បើទោះបីជាបន្ទះឈីប Exynos 2500 នេះត្រូវបានគេបញ្ជាក់ថា អាចប្រើប្រាស់ក៏ដោយ សម្រាប់ស្មាតហ្វូន Galaxy S25 series ដែលគ្រោងនឹងចេញដើមឆ្នាំនេះប្រហែលជាមិនមានការប្រើប្រាស់ឈីបនេះនោះទេ។
បន្ទះឈីបថ្មីនេះ ត្រូវបានក្រុមហ៊ុន Samsung ដាក់គោលដៅសម្រាប់ប្រើប្រាស់នៅស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនតែប៉ុណ្ណោះ ជាពិសេសគឺទៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip 7 និង Galaxy Z Flip FE។ យោងតាមការចេញផ្សាយពីសារព័ត៌កូរ៉េខាងត្បូង Chosun Ilbo បានអោយដឹងថា បន្ទះឈីប Exynos 2500 នេះ គឺមានការអភិវឌ្ឍឡើងដោយក្រុមហ៊ុន System LSI division របស់ Samsung ហើយនិងមានការផលិតដោយ Samsung Foundry ដែលកន្លងមកក៏ធ្លាប់ជួបនូវបញ្ហាមួយចំនួនទៅលើសង្វាក់ផលិតកម្មផងដែរ។ ដោយសារតែរឿងនេះហើយ បានធ្វើអោយក្រុមហ៊ុន Samsung សម្រេចមិនប្រើប្រាស់ឈីប Exynos 2500 នៅលើ Galaxy S25 series។

ដោយសារតែមានការព្រួយបារម្ភទៅលើសមត្ថភាពនៃបន្ទះឈីប Exynos 2500 និង Qualcomm Snapdragon 8 Elite បានធ្វើអោយក្រុមហ៊ុន Samsung សម្រាប់ប្រើប្រាស់នូវបន្ទះឈីប Snapdragon នៅស្មាតហ្វូនជំនាន់ថ្មី Galaxy S25 របស់ខ្លួន។ ដូច្នេះសម្រាប់ពេលនេះ Samsung បានធ្វើការងារជាច្រើនទៅលើបន្ទះឈីបនេះ ធ្វើយ៉ាងណាអោយអាជីវកម្មឈីបរបស់ខ្លួនមានភាពខ្លាំងឡើងវិញ។

ហើយបន្ទះឈីប Exynos 2500នេះ នឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 7 និង Galaxy Z Flip FE ដែលគ្រោងនឹងមានវត្តមាននៅលើទីផ្សារឆ្នាំក្រោយនេះហើយ។ សូមជំរាបថា កន្លងមក ស្មាតហ្វូន Galaxy Z Flip គឺប្រើប្រាស់តែឈីប Snapdragon ប៉ុណ្ណោះ។ Galaxy Z Flip 7 ត្រូវបានគេរំពឹងថា នឹងមានកម្រ៉ាស់ស្តើងជាងមុនហើយនិងមានអេក្រង់ទំហំធំជាមុន ខណៈដែល Galaxy Z Flip FE ទំនងជាមានតម្លៃសមរម្យ តែសមត្ថភាពខ្ពស់។
