ស្វែងរកពួកយើង:

Samsung ចាប់ដៃជាមួយ Qualcomm អភិវឌ្ឍន៍ប្រព័ន្ធកម្សាន្តក្នុងរថយន្ត និងប្រព័ន្ធ ADAS

ដោយ

Koun Jab Luffy

28 សីហា 2024 08:59 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បានប្រកាសចាប់ដៃគូសហការជាមួយក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់សហរដ្ឋអាមេរិក Qualcomm Technologies។ កិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងពីរ គឺនឹងផ្តោតទៅលើការអភិវឌ្ឍន៍បន្ទះឈីបកម្រិតខ្ពស់ (Advanced Chip) សម្រាប់ប្រើជាមួយកម្មវិធីនៅលើរថយន្ត ជាពិសេស គឺការគាំទ្រប្រព័ន្ធដំណើរការកម្សាន្ត (Vehicle Infotainment) និងប្រព័ន្ធជំនួយការបើកបររថយន្ត Advanced driving-assistant system (ADAS)។
ចំនុចសំខាន់ដែលជាបេះដួងកើតចេញពីកិច្ចសហការនេះ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះម៉េមូរីស៊េរី LPDDR4X ជំនាន់ចុងក្រោយបំផុតរបស់ Samsung ដែលត្រូវបានផលិតបានដោយជោគជ័យសម្រាប់ការប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon Digital Chassis របស់ Qualcomm ។ ឧបករណ៍ទាំងពីរនេះ នឹងត្រូវបានប្រើដើម្បីផ្តល់ថាមពលដល់ប្រព័ន្ធព័ត៌មានកម្សាន្តលំដាប់ថ្នាក់ខ្ពស់ និងមុខងារជំនួយអ្នកបើកបរដ៏ទំនើប ដែលយើងអាចរំពឹងថានឹងឃើញនៅក្នុងយានយន្តនាពេលអនាគត។
សម្រាប់ក្រុមហ៊ុន Samsung ការធានាចំពោះក្រុមហ៊ុន Qualcomm ដែលជាអតិថិជន គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាអ្នកនាំមុខនៅក្នុងទីផ្សារអង្គចងចាំរបស់រថយន្ត។ ខណៈពេលដែលបច្ចុប្បន្ន Samsung បាននឹងកំពុងឈរនៅតំណែងទីពីរបន្ទាប់ពីក្រុមហ៊ុន Micron ដែលបាននាំមុខជាមួយនឹងចំណែកទីផ្សារអង្គចងចាំរបស់រថយន្តប្រមាណ 44% ដូច្នេះ Samsung កំពុងតែដាក់គោលដៅសម្រាប់ការដណ្តើមយកតំណែងកំពូលនៅក្នុងវិស័យមួយនេះ។
ការសម្លឹងមើលពេលអនាគតខាងមុខ Samsung គ្រោងនឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៃបន្ទះឈីបអង្គចងចាំ LPDDR5 ដែលជាជំនាន់ក្រោយរបស់ខ្លួននៅឆ្នាំនេះ ដូចនេះសម្រាប់ការផលិតបន្ទះឈីបជំនាន់ថ្មីនេះសម្រាប់រថយន្តអាចនឹងត្រូវចាប់ផ្តើមនាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ។ Samsung LPDDR5 នឹងត្រូវដាក់បញ្ចូលទៅក្នុងបន្ទះឈីប Snapdragon Digital Chassis ជំនាន់ក្រោយរបស់ក្រុមហ៊ុន Qualcomm ដែលត្រូវបានគេព្យាករណ៍ថា នឹងផ្តល់នូវដំណើរការល្បឿនដល់ទៅ 9.6 ជីហ្គាបៃក្នុងមួយវិនាទី (Gbps) ទោះបីជាស្ថិតក្នុងសីតុណ្ហភាពកម្រិតខ្លាំងយ៉ាងក៏ដោយ៕
Samsung ចាប់ដៃជាមួយ Qualcomm អភិវឌ្ឍន៍ប្រព័ន្ធកម្សាន្តក្នុងរថយន្ត និងប្រព័ន្ធ ADAS