
មកដល់ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Galaxy S25 ត្រូវបានគេមើលឃើញថា បានទៅដល់ដៃរបស់អតិថិជនជាច្រើនហើយ។ ដូច្នេះ ក្រុមហ៊ុន Samsung ក៏បានចាប់ផ្តើមធ្វើការនៅលើ Software ថ្មីសម្រាប់ស្មាតហ្វូន High-End ជំនាន់ថ្មីរបស់ខ្លួន ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 7 ថែមទៀតហើយ។ សម្រាប់ firmware ដំបូងបំផុតរបស់ស្មាតហ្វូនបត់បាននេះក៏ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅលើ servers របស់ក្រុមហ៊ុន Samsung ផងដែរ។ សម្រាប់ Software ដំបូងបំផុតនេះ គឺធ្វើតេស្តនៅលើស្មាតហ្វូននៅក្នុងសហរដ្ឋអាមេរិក។
ប្រភពខាងលើនេះ បន្តថា សម្រាប់ Galaxy Z Fold 7 ដែលមានលេខម៉ូដែល (SM-F966U) ក៏ត្រូវប្រទះឃើញនៅលើ servers របស់ក្រុមហ៊ុន Samsung រួចហើយ នេះបើតាមការការទម្លាយពីគណនី @tarunvats33 ។ សម្រាប់ firmware នេះគឺជា version F966USQU0AYB3 ហើយវាផ្អែកនៅលើ Android 15 (One UI 7.x)។ ជាធម្មតា ក្រុមហ៊ុន Samsung បានបង្ហាញស្មាតហ្វូនបត់បានរបស់ខ្លួនជាមួយនឹង One UI x.1.1។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Samsung ក៏ពិចារណាក្នុងការរំលងនូវ One UI 7.1.1 នៅក្នុងឆ្នាំនេះ ដោយ សារតែការពន្យារពេលក្នុងការបញ្ចេញនូវ table One UI 7.0 update ទៅលើស្មាតហ្វូនដែលមានស្រាប់របស់ខ្លួននោះ។ ក្រុមហ៊ុន Samsung អាចនឹងប្រកាសស្មាតហ្វូន Galaxy Z Flip 7 និង Galaxy Z Fold 7 ជាមួយនឹង One UI 7.0.1 ផងដែរ។

ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 នេះ នឹងមានកម្រិត Screen Aspect Ratio ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Z Fold Special Edition ផងដែរ។ បើធៀបជាមួយនឹងស្មាតហ្វូន Galaxy Z Fold 6 នោះ វានឹងមានអេក្រង់ធំជាងមុនថែមទៀតនោះគឺ (6.5-inch cover និង 8-inch foldable) ហើយស្នាមផ្នត់របស់ស្មាតហ្វូននេះក៏សឹងតែមើលមិនឃើញនោះទេ។ ស្មាតហ្វូននេះក៏មិនមាន S PEN ដែរ។ ស្មាតហ្វូននេះ នឹងមានកម្រាស់ 10mm និងថាមពលថ្មទំហំ 4,400mAh ជាមួយនឹងបច្ចេកវិទ្យា 45W fast charging។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 200MP, ultrawide និង telephoto ផងដែរ៕
