
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានបញ្ចេញរបាយការណ៍បឋមរបស់ខ្លួនសម្រាប់ទីផ្សារនៃការនាំចេញស្មាតហ្វូនពិភពលោកនៅក្នុងត្រីមាសទី 3 ក្នុងឆ្នាំ 2024។ តាមរបាយការណ៍បានបង្ហាញថាការនាំចេញស្មាតហ្វូននៅទូទាំងទីផ្សារសកលបានកើនឡើងជាបន្តបន្ទាប់ និងកើនជាប្រចាំឆ្នាំថែមទៀតផង។ យោងតាមអ្នកវិភាគ បានលើកឡើងវដ្តនៃការជំនួសដែលកំពុងបន្ត គឺជាកត្តាជំរុញដ៏សំខាន់ចាប់ពីខែកក្កដា ដល់ខែកញ្ញា ខណៈដែលការប្រកួតប្រជែងទីផ្សារស្មាតហ្វូនកាន់តែមានភាពតឹងតែងជាងពេលណាៗទាំងអស់។
ក្រុមហ៊ុន Samsung នៅតែបន្តឈរនៅលើកំពូលតារាងសម្រាប់ការនាំចេញស្មាតហ្វូននៅទូទាំងទីផ្សារសកល ប៉ុន្តែ តំណែងកំពូលតារាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះស្ទើររបូតទៅដៃ Apple ទៅហើយនៅត្រីមាសទី 3 ដោយសារតែចំនែកទីផ្សារ Apple គឺមានភាពប្រហាក់ប្រហែគ្នាជាមួយ Samsung ប្រសិនបើតម្លៃភាគរយត្រូវបានបង្គត់ទៅតួរលេខនៃការនាំចេញសរុប។ ចំនែកក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនដូចជា Xiaomi, Oppo និង vivo បានស្ថិតនៅលំដាប់ក្រុមហ៊ុនកំពូលទាំង 5។

ទីផ្សាររបស់ Apple គឺមានភាពល្អប្រសើរខ្លាំងនៅត្រីមាសទីបី ដោយសារតែការមានតម្រូវការខ្លាំងសម្រាប់ iPhone 15 Series និង iPhone ជំនាន់ថ្មីដែលមានការគាំទ្រនូវបច្ចេកវិទ្យាឆ្លាតវៃ Apple Intelligence។ ទោះជាយ៉ាងណាក៏ដោយ ហេតុផលចម្បងសម្រាប់ការកើនឡើងនៃការនាំចេញរបស់ Apple គឺការផ្លាស់ប្តូរទីផ្សារឆ្ពោះទៅរកឧបករណ៍កម្រិតខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។

សម្រាប់វត្តមាន iPhone 16 Series ត្រូវបានគេរំពឹងថា នឹងជួយ Apple ម្តងទៀតឱ្យក្លាយជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងត្រីមាសចុងក្រោយក្នុងឆ្នាំ 2024 ហើយនិងរក្សាសន្ទុះនៅក្នុងកាន់តែខ្លាំងនៅឆមាសទី1 ក្នុងឆ្នាំ 2025 នៅពេលដែល Apple ចាប់ផ្តើមពង្រីកមុខងារ AI របស់ខ្លួនទៅកាន់ទីផ្សារជាច្រើនទៀតដូចជា ទីផ្សារអឺរ៉ុប និងចិន។ Canalys បានចង្អុលបង្ហាញថា ទីផ្សារស្មាតហ្វូនកំពុងមានភាពប្រសើរឡើង ប៉ុន្តែ អ្នកផ្គត់ផ្គង់ចំនួននៅតែប្រឈមមុខនឹងបញ្ហាជាសកលនៅក្នុងការបង្កើតតម្រូវការ និងបញ្ហាបទប្បញ្ញត្តិ ជាពិសេសនៅក្នុងទីផ្សារសហភាពអឺរ៉ុបតែម្តង៕
