
យោងតាមព័ត៌មានថ្មីៗនេះ បានបង្ហើបថា Samsung អាចនឹងមានការដកថយពីទីផ្សារស្មាតហ្វូនដែលមានកម្រ៉ាស់ស្តើងនាពេលឆាប់ៗនេះហើយ។ ផ្អែកតាមរបាយការណ៌ខាងលើនេះ បាននិយាយថា ក្រុមហ៊ុននេះបានសម្រេចផ្អាកនូវការអភិវឌ្ឍជំនាន់ថ្មីរបស់ Galaxy S25 Edge ដែលជាម៉ូដែលថ្មីមានកម្រ៉ាស់ស្តើងរបស់ខ្លួនហើយ ដោយសារតែតម្រូវការទៅលើស្មាតហ្វូនប្រភេទនេះ មិនអាចគ្រប់តាមការចង់បានរបស់ខ្លួន ស្របពេលដែលអ្នកដែលចូលចិត្តស្មាតហ្វូនបែបនេះ មិនមានច្រើនដូចគ្នា។
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមនិយាយថា ក្រុមហ៊ុន Samsung បានសម្រេចមកធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26+ វិញហើយ ដើម្បីជំនួសទៅលើកន្លែង Edge ដែលក្រុមហ៊ុនបានត្រៀមដាក់លក់នៅលើទីផ្សារនាឆ្នាំ 2026 ខាងមុខ។ សូមជំរាបថា Galaxy S25 Edge ដែលចេញលក់ថ្មីៗនេះ គឺមានការឌីស្សាញរូបរាងដោយផ្តោតទៅលើកម្រ៉ាស់ស្តើង ហើយនិងមានថ្មទំហំ 3,900mAh។
បន្ថែមពីលើកម្រ៉ាស្តើងនេះ ស្មាតហ្វូននេះ ក៏ត្រូវបានក្រមហ៊ុនធ្វើការដកចេញនូវឡែន Telephoto ផងដែរ។ ប្រសិនប្រៀបធៀបគ្នាជាមួយនិង iPhone Air គឺមានតែកាមេរ៉ាក្រោយមួយគ្រាប់នោះទេ។ ទៅលើសមត្ថភាពរបស់ស្មាតហ្វូនកម្រ៉ាស់ស្តើងទាំងពីរនេះ ក្រៅពីកាមេរ៉ា គឺមានថ្មអាចប្រើប្រាស់បានយូរដូចគ្នា! ហេតុនេះសម្រាប់អ្នកដែលចូលចិត្តថ្មកាន់ ហើយនិងស្តើង គឺនៅតែពេញចិត្តជាមួយនិងស្មាតហ្វូនកម្រ៉ាស់ស្តើង ultra-slim ហើយនឹងទម្ងន់ស្រាលបែបនេះ។

គួរបញ្ជាក់ថា ទាក់ទងជាមួយនិងតម្រូវការទៅលស្មាតហ្វូនដែលមានកម្រ៉ាស់ស្តើងនេះដែរ យោងតាមរបាយការណ៍កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Apple បានធ្វើការកាត់បន្ថយនូវចំនួននៃការផលិតទៅលើ iPhone Air នៅត្រឹមតែ 1 លានគ្រឿងប៉ុណ្ណោះ។ ដូច្នេះទៅលើក្រុមហ៊ុន Samsung វិញ ក៏ប្រហែលជាមិនមានការផលិតបន្ថែមច្រើនទេ ដោយសារដៃគូរសំខាន់របស់ខ្លួន ក៏មើលឃើញពីតម្រូវការទាបទៅលើម៉ូដែលស្តើងនេះដូចគ្នា។
