
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា ស្មាតហ្វូន Galaxy S25 Series ត្រូវបានរំពឹងថា នឹងក្លាយជាស្មាតហ្វូនជំនាន់់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលនឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី 3nm ខណៈដែលថ្មីៗនេះ មានលេចចេញនូវពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Samsung ទំនងជានឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos 2500 ដែលដំណើរការដោយកម្រិត 3nm នៅលើ Galaxy S25 និង Galaxy S25+ ហើយនិង 3nm Snapdragon 8 Elite នឹងប្រើប្រាស់នៅលើ Galaxy S25 Ultra។
ទាក់ទងនឹងព័ត៌មាននេះ មានសេចក្តីរាយការណ៌ថ្មីនិយាយថា នៅពេលនេះ Samsung កំពុងប្រឈមទៅនឹងការផលិតឈីប 3nm Exynos នេះហើយ។ យោងតាមរបាយការណ៌ថ្មីដែលចេញពី Business Korea កាលពីថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung បាននឹងកំពុងតែប្រឈមមុខនឹងសង្វាក់ផលិតកម្មទៅលើបន្ទះឈីប 3nm Exynos 2500។ កន្លងមកក្រុមហ៊ុន Samsung បង្ហាញនូវជំនឿជឿជាក់យ៉ាងខ្លាំងទៅលើបន្ទះឈីប 3nm ជំនាន់ទីពីរ ដែលប្រើប្រាស់នៅលើ Exynos 2500។ ប៉ុន្តែក្រុមហ៊ុននេះនៅតែមិនទាន់អាចធ្វើការងារបានគ្រប់តាមការកំណត់គោលដៅរបស់ខ្លួននោះទេ ដោយទិន្នផលដែលសម្រេចបាគេនៅទាបនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីសារព័ត៌មានដ៏ធំរបស់កូរ៉េខាងត្បូបមួយនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung ពេលនេះ កំពុងតែមានការបញ្ហាប្រឈមជាច្រើននៅលើអាជីវកម្មបន្ទះឈីបនេះ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុននេះបានធ្វើការវិនិយោគរាប់ពាន់លានដុល្លារទៅលើវិស័យបន្ទះឈីបទៀតផង ប៉ុន្តែនៅតែមិនអាចយកឈ្នះក្រុមហ៊ុន TSMC បាន។ មកដល់ពេលនេះ TSMC បានគ្រប់គ្រងលើទីផ្សារបន្ទះឈីបនេះបាន 62.3% ខណៈដែល Samsung គឺបានធ្លាក់មកត្រឹមតែ 11.5% ប៉ុណ្ណោះ។

ដូច្នេះប្រសិនបើនេះគឺជាការពិតនោះ ក្រុមហ៊ុន Samsung អាចនឹងមានការប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite តែមួយប៉ុណ្ណោះសម្រាប់ Galaxy S25 series ដែលមាន Galaxy S25, Galaxy S25+ និង Galaxy S25 Ultra នៅលើទីផ្សារសកលតែម្តង។
