
បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូន Galaxy AI ជាមួយនឹងស្មាតហ្វូន Galaxy S24 series កាលពីដើមឆ្នាំនេះ បានធ្វើអោយការលក់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន មួយនេះ មានការកើនឡើងយ៉ាងខ្លាំងនៅលើទីផ្សារ។ ស្មាតហ្វូន Galaxy S-Series នៅតែជាស្មាតហ្វូន Android flagship ដែលលក់ខ្លាំងរបស់ក្រុមហ៊ុន Samsung នេះ។ សូមជំរាបថា ក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូន Galaxy S24 series នៅក្នុងព្រឹត្តិការណ៍ Unpacked នៅក្នុងខែមករាកាលពីដើមឆ្នាំកន្លងទៅនេះ។
នៅថ្ងៃនេះ តាមការបញ្ជាក់ពី Android Headlines បានបង្ហាញព័ត៌មានថា ក្រុមហ៊ុន Samsung បានអភិវឌ្ឍទៅលើស្មាតហ្វូន Galaxy S25 series ថែមទៀតហើយ។ នៅពេលនះ ស្មាតហ្វូន Galaxy S25 Ultra ក៏បានស្ថិតនៅក្នុងបញ្ជីនៃប្រព័ន្ធ IMEI database ថែមទៀតផង។ នៅលើបញ្ជីនេះបង្ហាញថា ស្មាតហ្វូន Galaxy S25 Ultra មានលេខកូដ “SM-S938U”។ បើមើលទៅលើស្មាតហ្វូនជំនាន់មុន Galaxy S24 Ultra គឺមានការបង្ហាញវត្តមានជាមួយលេខកូដ “SM-S928U” ដែលខុសគ្នាមួយលេខ។ សម្រាប់ពាក្យថា “U” គឺសំដៅទៅលើម៉ូដែលរបស់សហរដ្ឋអាមេរិក ប៉ុន្តែបើមើលទៅលើស្មាតហ្វូន Galaxy S25 Ultra ក៏មានវត្តមាននៅក្នុងទីផ្សារអន្តរជាតិផងដែរ ដែលនេះ គឺជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Samsung ក្នុងការពង្រីកទៅលើទីផ្សារសកលសម្រាប់ស្មាតហ្វូន flagship series នេះ។

ខណៈពេលដែលលក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូន Galaxy S25 Ultra នៅមិនទាន់ដឹងនៅឡើយទេនោះ មានការប៉ាន់ស្មានថា ស្មាតហ្វូន Galaxy S25 series ថ្មីនេះ គឺអាចនឹងមានការឌីស្សាញដូចទៅនឹង Versions មុននេះដែរ ប៉ុន្តែលក្ខណៈសម្បត្តិនៃបន្ទះឈីបអាចនឹងខុសគ្នា។ សម្រាប់ Version នៅក្នុងសហរដ្ឋអាមេរិកនេះ គឺនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 ហើយសម្រាប់តំបន់ជាច្រើនទៀត អាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2500។ យោងតាមការបញ្ជាក់ចេញពីរបាយការណ៍ជាច្រើនចេញពី Ice Universe នោះ ស្មាតហ្វូន Galaxy S25 series នេះនឹងមានការ upgrade ទៅលើកាមេរ៉ាផងដែរ។
ស្មាតហ្វូន Galaxy S25 Ultra នេះគឹមានកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 200MP, 50MP Ultra-Wide Angle lens, 50MP telephoto lens ជាមួយនឹង 3x optical zoom និង 50MP super-telephoto lens ជាមួយនឹង 5x optical zoom។ នៅពេលនេះ នៅមិនទាន់មានព័ត៌មានផ្លូវការអំពីកាលបរិច្ឆេទនៃការសម្ភោធន៍ និងតម្លៃរបស់ស្មាតហ្វូន Galaxy S25 Ultra នៅឡើយទេ។ យ៉ាងណាមិញ ព្រឹត្តិការណ៍ Galaxy Unpacked នៅក្នុងឆ្នាំ 2024 កន្លងទៅនេះ គឺបានរៀបចំឡើងនៅថ្ងៃទី 17 ខែមករា។ ដូច្នេះសម្រាប់ព្រឹត្តិការណ៍នៅឆ្នាំនេះ អាចនឹងរៀបចំនៅក្នុងកាលបរិច្ឆេទដូចគ្នា។ ស្មាតហ្វូន Galaxy S25 Ultra នេះគឺទទួលបាននូវការចាប់អារម្មណ៍ជាច្រើន ហើយវាក៏មាន benchmarks ថ្មីនៅក្នុងឧស្សាហកម្មស្មាតហ្វូននេះផដែរ៕
