
ខណៈពេលដែលព្រឹត្តិការណ៍ Internationale Funkausstellung (IFA) ជិតខិតដល់ខួបលើកទី 100 របស់ខ្លួន នោះ ក្រុមហ៊ុន Samsung ទើបតែប្រកាសថា នៅថ្ងៃទី 3 ខែកញ្ញាឆ្នាំ 2024 នេះ ខ្លួននឹងមានរៀបចំនូវការដាក់បង្ហាញនូវផលិតផលប្រើប្រាស់ក្នុងផ្ទះកម្រិតខ្ពស់ជាច្រើនក្នុងព្រឹត្តិការណ៍ IFA 2024 នេះ នៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ ផលិតផលប្រើប្រាស់ក្នុងផ្ទះកម្រិតខ្ពស់ជាច្រើនរបស់ក្រុមហ៊ុននេះ នឹងមានការពង្រឹងទៅលើសមត្ថភាពនៃបច្ចេកវិទ្យា AI និង SmartThings ដើម្បីធ្វើការតភ្ជាប់កាន់តែប្រសើរ និងផ្តល់នូវបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់កាន់តែសម្បូរបែបថែមទៀត។
សូមជំរាបថា ព្រឹត្តិការណ៍ IFA ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1924 នឹងមានការចាប់ផ្តើមពង្រីកបន្តក្នុងការដាក់តាំងបង្ហាញនូវផលិតផលជាច្រើនដូចជាទូរទស្សន៍ និងផលិតផលប្រើប្រាស់ក្នុងគេហដ្ឋាន។ ក្រុមហ៊ុន Samsung ត្រូវបានគេនិយាយថា បានចាប់ផ្តើមដាក់បង្ហាញនូវផលិតផលជាច្រើនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ IFA នៅក្នុងឆ្នាំ 1991 មកម្លេះ ដែលក្រុមហ៊ុននេះ បានដាក់បង្ហាញនូវស្តង់ដែលមានទំហំ 43 ម៉ែត្រការ៉េជាមួយនឹងម៉ូនីទ័រ និងទូរទស្សន៍របស់ខ្លួន។
នៅក្នុងឆ្នាំ 2003 ក្រុមហ៊ុននេះ ដាក់ស្តង់ទំហំ 3600 ម៉ែត្រការ៉េ ដែលមានការដាក់តាំងបង្ហាញនូវផលិតផលប្រើប្រាស់ក្នុងផ្ទះ ទូរទស្សន៍ និងជាច្រើនទៀត។ នៅក្នុងព្រឹត្តិការណ៍ IFA 2024 នេះ ក្រុមហ៊ុននេះ នឹងរៀបចំនូវស្តង់ទំហំ 6000 ម៉ែត្រការ៉េដើម្បីបង្ហាញនូវផលិតផលថ្មីជាមួយនឹងពាក្យស្លោកថា “Innovation for All.”។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះនឹងបង្ហាញនូវជំនួយការឆ្លាតវៃ Bixby ជំនាន់ថ្មីនៅក្នុងព្រឹត្តិការណ៍នេះដែលមានការប្រើប្រាស់នូវ Large Language Models (LLMs) ដែលអាចយល់ទៅលើពាក្យបញ្ជាដែលស្មុគស្មាញបានកាន់តែលឿន និងងាយស្រួលជាងមុនថែមទៀត។
នេះគឺជាប្រវត្តិនៃការដាក់តាំងបង្ហាញរបស់ក្រុមហ៊ុន Samsung នៅក្នុងព្រឹត្តិការណ៍ IFA:
•IFA 1991: Monitors and TVs
•IFA 2006: Bordeaux TV
•IFA 2011: Galaxy Note
•IFA 2013: Curved UHD TV, Galaxy Gear (first smartwatch)
•IFA 2014: SmartThings
•IFA 2016: Family Hub Refrigerator with Touchscreen
•IFA 2018: Connected Living
•IFA 2023: Samsung Food
