ស្វែងរកពួកយើង:

Samsung និង TSMC នឹងផលិតបន្ទះឈីបខ្នាត 2nm នៅក្នុងរោងចក្រប្រទេសរៀងខ្លួនៗនៅឆ្នាំ 2025 ខាងមុខ

ដោយ

Koun Jab Luffy

05 កុម្ភៈ 2024 11:37 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យផលិតបន្ទះឈីប Samsung និង TSMC បាននឹងកំពុងរៀបចំគម្រោងការក្នុងការផលិតបន្ទះឈីបស្តង់ដារ
ថ្មីដែលមានទំហំត្រឹម 2nm រៀងៗខ្លួន។ បើតាមប្រភពចេញពីកាសែត South China Morning Post (SCMP) និង Korean Time ដែលបានចេញផ្សាយនាពេលថ្មីនេះថា Samsung នឹងចាប់ផ្តើមសង្វាក់ផលិតបន្ទះឈីបស្តង់ដារខ្នាត 2nm នៅក្នុងរោងចក្ររបស់ខ្លួននៅកូរ៉េខាងត្បូងនៅឆ្នាំក្រោយនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ បានបោះទុនវិនិយោគសម្រាប់សង្វាក់ផលិតបន្ទះឈីបស្តង់ដារថ្មី 2nm របស់ខ្លួនចំនួន 500 ពាន់ពាន់លានកូរ៉េវ៉ុន (KRW) ឬប្រហែល 371 ពាន់លានដុល្លារអាមេរិកសម្រាប់រយះពេលរហូតដល់ឆ្នាំ 2047 នៅក្នុងតំបន់ “mega-cluster” semiconductor plant ដែលមានទីតាំងស្ថិតនៅជិតនឹងទីក្រុងសអ៊ួលតែម្តង ដោយមានរោងចក្របន្ទះឈីបចំនួន 13 និងកន្លែងស្រាវជ្រាវចំនួន 3 សម្រាប់ដំណើរការផលិតបន្ទះឈីប 2nm។
ងាកមកក្រុមហ៊ុនផលិតបន្ទះឈីបដែលឈានមុខគេ TSMC (Taiwan Semiconductor Manufacturing Company Limited) របស់ដែនកោះតៃវ៉ាន់វិញ មានគម្រោងក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីប 2nm និងសួនវិទ្យាសាស្ត្រនៅខេត្ត Hsinchu និង Kaohsiung របស់តៃវ៉ាន់ ព្រមទាំងរោងចក្រមួយផ្សេងទៀតនៅ Taichung ផងដែរ ប៉ុន្តែ នៅរង់ចាំការយល់ព្រមពីរដ្ឋាភិបាលជាមុនសិន។ ទោះជាយ៉ាងណាក្រុមហ៊ុនទាំងពីរមិនបានបោះបង់ចោលគម្រោងផលិតរបស់ខ្លួននៅក្នុងរោងចក្រប្រទេសផ្សេងទៀតនោះទេ។
រាជរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើតមូនិធិពិសេសមួយហៅថា CHIPS និង Science Act ដែលមានកញ្ចប់ថវិកាចំនួន $53 ពាន់លានដុល្លារដែលបានកំណត់សម្រាប់ការឧបត្ថម្ភធន។ ជាក់ស្តែង ការទូទាត់ពីមូលនិធិនេះគឺមានភាពយឺតយ៉ាវសម្រាប់ក្រុមហ៊ុនផលិត។ ម្យ៉ាងទៀតច្បាប់ថ្មីរបស់អាមេរិក គឺបានបញ្ឈប់ក្រុមហ៊ុន TSMC ពីការនាំចូលបច្ចេកវិទ្យា និងជួលវិស្វករឯកទេសពីតៃវ៉ាន់ផងដែរ។
Article image
ទោះយ៉ាងណា TSMC មានរោងចក្រផលិតបន្ទះសៀគ្វីចំនួនពីរដែលកំពុងសាងសង់នៅរដ្ឋ Arizona ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតចេញនូវបន្ទះឈីប 4nm នៅឆ្នាំ 2024 នេះ និង 3nm នៅឆ្នាំ 2026។ ចំនែកក្រុមហ៊ុន Samsung បាននឹងកំពុងសាងសង់រោងចក្រផ្ទាល់ខ្លួនដែលមានតម្លៃ 17 ពាន់លានដុល្លារស្ថិនៅរដ្ឋតិចសាស់ដោយបានចាប់តាំងពីឆ្នាំ 2021 មកម្ល៉េះ ប៉ុន្តែ ការវិវឌ្ឍន៍មានភាពយឺតយ៉ាវ ហើយត្រូវបានគេរំពឹងថារោងចក្រនេះ គឺនឹងរ៉ាប់រងក្នុងការផលិតបន្ទះឈីបខ្នាត 4nm របស់ក្រុមហ៊ុនតែប៉ុណ្ណោះ៕
Samsung និង TSMC នឹងផលិតបន្ទះឈីបខ្នាត 2nm នៅក្នុងរោងចក្រប្រទេសរៀងខ្លួនៗនៅឆ្នាំ 2025 ខាងមុខ