ស្វែងរកពួកយើង:

Samsung នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ OLED ផ្តាច់មុខតែមួយគត់សម្រាប់ Apple MacBook

ដោយ

Koun Jab Luffy

11 សីហា 2025 11:12 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមរបាយការណ៍មួយចេញពីប្រទេសកូរ៉េថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung Display អាចនឹងក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់ OLED ផ្តាច់មុខតែមួយគត់សម្រាប់កុំព្យូទ័រ MacBook Pro របស់ក្រុមហ៊ុន Apple។ គួរបញ្ជាក់ថា មុននេះមាន របាយការណ៍ជាច្រើនបានទម្លាយថា ក្រុមហ៊ុន Apple នឹងបំពាក់នូវអេក្រង់ OLED សម្រាប់កុំព្យូទ័រ MacBook Pro ជំនាន់ថ្មីរបស់ខ្លួន ដើម្បីអាចតាមអោយទាន់ជាមួយនឹងកុំព្យូទ័រ Galaxy Books របស់ក្រុមហ៊ុន Samsung ដែលចេញលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។
សូមជំរាវថា កាលពីខែមុននេះ ក្រុមហ៊ុន Apple បានទាក់ទងទៅកាន់ក្រុមហ៊ុន Samsung Display សម្រាប់ការបញ្ជាទិញទៅលើអេក្រង់ OLED ដ៏ច្រើន ដែលបានធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ អាចបង្កើននូវប្រាក់ចំណូលបានយ៉ាងច្រើន។ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Samsung Display បានចំណាយទឹកប្រាក់យ៉ាងច្រើនទៅលើសង្វាក់ផលិតកម្ម Gen 8.6 របស់ខ្លួន ដែលមានតួនាទីសំខាន់ក្នុងការផលិតអេក្រង់ទៅលើកុំព្យូទ័រ និងម៉ូនីទ័រ ហើយវាក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា oxide TFT នៅក្នុងការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពល និងកាត់បន្ថយទៅលើថ្លៃដើមនៃការផលិតថែមទៀត។
Article image
គិតមកទល់នឹងពេលនេះ ក្រុមហ៊ុន Samsung Display គឺជាក្រុមហ៊ុនផលិតធំបំផុតទៅលើអេក្រង់ OLED នៅក្នុងពិភពលោក ហើយក្រុមហ៊ុននេះក៏ជាអ្នកដែលផ្គត់ផ្គង់អេក្រង់OLED សម្រាប់ផលិតផលជាច្រើនរបស់ក្រុមហ៊ុន Apple ផងដែរ។ ដូចនេះហើយ នេះអាចជាហេតុផលដែលក្រុមហ៊ុន Apple នឹងបន្តធ្វើការជាមួយនឹងក្រុមហ៊ុន Samsung នោះ ហើយប្រហែលជាក្រុមហ៊ុននេះគ្មានជំរើសអ្វីផ្សេងពីនេះទៀតនោះទេក្រៅពីការបញ្ជាទិញទៅកាន់ក្រុមហ៊ុនកូរ៉េនេះ។
Article image
យោងតាមពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើនមុននេះធ្លាប់បានអោយដឹងថា ក្រុមហ៊ុន Apple នឹងមានការបង្ហាញនូវកុំព្យូទ័រ MacBook Pro ជំនាន់ថ្មីនៅក្នុងឆ្នាំ 2026 ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ OLED Technology។ អេក្រង់នេះត្រូវបានគេបនបញ្ជាក់ថា អាចនឹងមានពណ៌ខ្មៅកាន់តែច្បាស់ជាងមុន កម្រិតពន្លឺ Brightness ខ្ពស់ជាងមុន ពណ៌កាន់តែច្បាស់ និងការប្រើប្រាស់ថាមពលកាន់តែតិចជាងអេក្រង់ LCD ធម្មតា ដែលសុទ្ធតែជាផ្នែកបង្កើនថាមពលថ្មអោយប្រើប្រាស់បានកាន់តែយូរ៕