
ក្រុមហ៊ុន Samsung Electronics នឹងនៅតែជាក្រុមហ៊ុនសំខាន់ចម្បងលើការផ្គត់ផ្គង់អង្គចងចាំ (Memory) សម្រាប់ក្រុមហ៊ុន Apple នៅក្នុងសង្វាក់ផលិត iPhone 18 Series ឆ្នាំក្រោយនេះ។ យោងទៅលើប្រភពព័ត៌មានចេញពីប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា Apple បានដាក់ការបញ្ជាទិញក្នុងបរិមាណដ៏ច្រើនសម្បើមសម្រាប់អង្គចងចាំ (Memory chip) ពីក្រុមហ៊ុន Samsung សម្រាប់ប្រើប្រាស់ក្នុងសង្វាក់ផលិត iPhone 18 Series ដែលចេញនៅចុងឆ្នាំក្រោយនេះ។
បច្ចុប្បន្ន Apple បានប្រើប្រាស់ Memory chip ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន SK Hynix និង Micro ដែលបានផ្តោតទៅលើការផលិតអង្គចងចាំកម្រិតខ្ពស់ high-bandwidth memory (HBM) សម្រាប់ប្រើនៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ខ្លួនជាជាងការប្រើប្រាស់ប្រភេទ LPDDR memory ដែលប្រើនៅលើទូរស័ព្ទ iPhone។
សម្រាប់ HBM ឬ high-bandwidth memory គឺមានតម្រូវការខ្ពស់ខ្លាំងដោយសារតែការរីកចម្រើននៃប្រតិបត្តិការបច្ចេកវិទ្យាបញ្ញាសប្បនិមិ្មត (AI accelerators) ពីក្រុមហ៊ុនដូចជា NVIDIA ជាដើម។ ហើយមិនត្រឹមតែមានតម្លៃការខ្ពស់នោះទេ ប៉ុន្តែ ក្រុមហ៊ុនបង្កើតនូវបច្ចេកវិទ្យា AI ក៏បានបង្កើនការចំនាយខ្ពស់បន្ថែមទៀតសម្រាប់អង្គចងចាំប្រភេទ HBM ដើម្បីដំណើរការនៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Center) របស់ពួកគេថែមទៀតផង។ ហើយជាលទ្ធផល ក្រុមហ៊ុនផលិតអង្គចងចាំកំពុងធ្វើការផ្លាស់ប្តូរការផលិតចេញពីអង្គចងចាំប្រភេទ LPDDR ហើយឆ្ពោះទៅរកការផលិតប្រភេទ HBM ដើម្បីប្រើប្រាស់នៅក្នុងម៉ាស៊ីនមេ ឬ Server។
តាមប្រភពព័ត៌មានបានបង្ហើបថា Apple អាចនឹងមានការបញ្ជាទិញ memory chip (LPDDR) ពី Samsung ប្រមាណពី 60 ទៅ 70% សម្រាប់ប្រើនៅលើ iPhone 18 Series ដែលចេញនៅចុងឆ្នាំ 2026។ ក្រុមហ៊ុន Apple បានធ្វើការនាំចេញទូរស័ព្ទ iPhone ប្រហែល 230 លានគ្រឿងជារៀងរាល់ឆ្នាំ ដែលទាមទារឲ្យមាននូវតុល្យភាពទាំងតម្លៃ និងការផ្គត់ផ្គង់ ដែលមានការធានាដល់ការគាំទ្រនៅក្នុងការផលិតទ្រង់ទ្រាយធំរបស់ខ្លួន។ ដោយសារ SK Hynix និង Micron បានផ្តល់អាទិភាពដល់អង្គចងចាំសម្រាប់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដែលមានប្រាក់ចំណេញខ្ពស់ ទើបធ្វើឲ្យ Samsung គឺស្ថិតនៅជាអ្នកផ្គត់ផ្គង់តែមួយគត់ដែលមានសមត្ថភាព និងបំពេញបានតាមតម្រូវការរបស់ Apple។

សូមរំលឹកថា កាលពីជាមួយទសវត្សន៍មុន នៅអំឡុងពេលមានជម្លោះប៉ាតង់ដ៏ក្តៅគគុករវាង Apple និង Samsung បានធ្វើឲ្យ Apple ធ្វើការសម្រេចចិត្តកាត់បន្ថយការពឹងផ្អែកទាំងស្រុងជុំវិញការផ្គត់ផ្គង់អង្គចងចាំពី Samsung ដោយបង្វែកការបញ្ជាទិញបន្ថែមពីក្រុមហ៊ុន SK Hynix។ ប៉ុន្តែ នាពេលបច្ចុប្បន្នដោយសារតែសក្តានុពលទីផ្សារមានការប្រែប្រួល ដូចនេះទើបធ្វើឲ្យ Samsung ត្រូវបានគេមើលឃើញថា ជាដៃគូផ្គត់ផ្គង់ដ៏សំខាន់បំផុតរបស់ Apple។ ទន្ទឹងនឹងនេះ Apple ត្រូវបានគេមើលឃើញថា អាចនឹងមានការបញ្ជាទិញអង្គចងចាំប្រមាណ 30% និង 40% ពីក្រុមហ៊ុន SK Hynix និង Micro ដើម្បីបន្តរឹងបណ្តឹងចំណងមិត្តភាពសហការដ៏យូរអង្វែងទៅថ្ងៃអនាគត៕
