
មកដល់ពេលនេះ មានរយៈពេលជាច្រើនឆ្នាំមកហើយ គិតចាប់តាំងពីក្រុមហ៊ុន Samsung បានធ្វើការកែប្រែទៅលើប្រព័ន្ធកាមេរ៉ានៃស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើនរបស់ខ្លួន។ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានធ្វើការ upgrade ទៅលើកាមេរ៉ាទៅលើស្មាតហ្វូនត្រកូល Galaxy S របស់ខ្លួន ដែលមានរយៈពេលជាង 3 ឆ្នាំមកហើយ។ ដូច្នេះសម្រាប់កាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 ដែលគ្រោងនឹងប្រកាសចេញនៅឆ្នាំក្រោយ អាចនឹងមិនមានការផ្លាស់ប្តូរនោះទេ។
យោងតាមប្រភពចេញពីអ្នកទម្លាយ Ice Universe បានអះអាងថា ក្រុមហ៊ុន Samsung នឹងមិនទាន់ធ្វើការ upgrade ទៅលើ Hardware ប្រព័ន្ធនកាមេរ៉ានោះទេ រហូតដល់ពេល 2 ឆ្នាំខាងមុខទៀត។ ស្មាតហ្វូន Galaxy S26 series នឹងមានកាមេរ៉ាដូចគ្នាទៅនឹងស្មាតហ្វូនត្រកូល Galaxy S25 ដែលចេញលក់ពេលមុននេះអញ្ចឹង។ ប៉ុន្តែក្រុមហ៊ុន Samsung បានងាកមកបន្តក្នុងការបញ្ចេញនូវស្មាតហ្វូនដែលមានកម្រាស់ស្តើង និងស្រាលក្នុងការប្រាស់វិញ ដោយមិនពង្រឹងទៅលើសិនស័រកាមេរ៉ានោះទេ។

អ្នកទម្លាយរូបនេះ បានបន្តអះអាងថា ក្រុមការងារស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បច្ចុប្បន្ននេះ គឺមានការផ្តោតទៅលើប្រាក់ចំណេញអោយបានខ្ពស់បំផុតទៅលើស្មាតហ្វូនដោយសារតែក្រុមការងារផ្នែកបន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics ចំណាយប្រាក់រាប់ពាន់លានដុល្លារទៅលើការវិនិយោគ។
សម្រាប់ Hardware នេះ អាចនឹងមានការពង្រឹងច្រើនទៅលើប្រព័ន្ធ AI ជាមុនសិន។ បច្ចុប្បន្ននេះ បើមើលទៅលើក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនជាច្រើនទៀត គឺផ្តោតទៅលើការប្រើប្រាស់នូវសិនស័រកាមេរ៉ាធំជាងមុន និងល្អប្រសើរជាងមុន ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់អោយកាន់តែខ្លាំងថែមទៀត៕
