ស្វែងរកពួកយើង:

Samsung បញ្ជាក់ថា យុវវ័យជាច្រើនបានចាប់ផ្តើមផ្តោតទៅលើការទិញនូវផលិតផលដែលបំពាក់នូវបច្ចេកវិទ្យា AI

ដោយ

Koun Jab Luffy

31 សីហា 2024 09:36 ព្រឹក

អាន 3 នាទី

Article image
នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា គឺមានការផ្តោតទៅលើបច្ចេកវិទ្យា AI។ ក្រុមហ៊ុននេះ បានចាប់ផ្តើមជាមួយនឹងការបង្ហាញនូវស្មាតហ្វូន Galaxy S24 ដែលជា ‘AI Phone' ដំបូងបំផុតនៅដើមឆ្នាំនេះ។ នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ ក្រុមហ៊ុន Samsung ក៏ទើបតែប្រកាសបង្ហាញនូវផលិតផល AI ជាច្រើន និងទូរទស្សន៍ជាច្រើនម៉ូដែលផងដែរ។ នៅពេលនេះ ក្រុមហ៊ុននេះ បញ្ជាក់ថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុននេះ គឺពិតជាទទួលបានផលដោយសារតែយុវវ័យជាច្រើន បានចាប់ផ្តើមផ្តោតទៅលើការទិញនូវផលិតផលដែលបំពាក់នូវ AI នេះ សម្រាប់ប្រើប្រាស់នៅក្នុងផ្ទះរបស់ពួកគេ។
នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាងពាក់កណ្តាលនៃមនុស្សដែលបានទិញនូវផលិតផល AI របស់ក្រុមហ៊ុន Samsung សម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋាន គឺភាគច្រើនជាយុវវ័យដែលស្ថិតនៅក្នុងវ័យ 20 និងវ័យ 30 ឆ្នាំ។ ខណៈពេលដែលមនុស្សជាច្រើនទិញនូវផលិតផលជាច្រើនផ្សេងគ្នាចាប់ពីវ័យ 20 ឆ្នាំដល់ 60 ឆ្នាំនោះ មនុស្សជាច្រើន បានទិញនូវផលិតផលប្រើប្រាស់ក្នុងផ្ទះបំពាក់នូវ AI ចំនួន 2 ឬច្រើនជាងនេះ គឺស្ថិតនៅលក្នុងវ័យ 20 ឬ 30 ឆ្នាំ។
ក្រុមហ៊ុន Samsung បានអះអាងថា យុវវ័យចង់ចំណាយប្រាក់ច្រើនទៅលើផលិតផលជាច្រើនបំពាក់នូវ AI ដោយសារតែពួកគេចង់ចំណាយពេលវេលាកាន់តែតិចជាងមុននៅក្នុងការគ្រប់គ្រងការងាររបស់ពួកគេ។ ភាគច្រើនពួកគេទិញនូវ Bespoke AI Combo (Dryer+Washer) រួមជាមួយនឹង Bespoke AI Steam។ ការលក់ទៅលើម៉ាស៊ីនត្រជាក់  AI WindFree Air Conditioners របស់ក្រុមហ៊ុន Samsung ក៏មានការកើនឡើងខ្លាំងក្លាមែនទែននៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងរដូវក្តៅផងដែរ។
សូមជំរាបថា ក្រុមហ៊ុន Samsung ក៏បានបង្កើតនូវ  ‘AI Lounges' នៅក្នុងហាង Samsung Stores ចំនួន 96 នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ហាញនូវផលិតផលប្រើប្រាស់ក្នុងផ្ទះជាច្រើនដែលបំពាក់នូវ AI។ អ្នកទស្សនាអាចចូលទៅកាន់ហាងទាំងនោះ ដើម្បីធ្វើការស្កេនទៅលើ QR Code កាន់តែងាយស្រួលក្នុងការទទួលបទពិសោធន៍ AI Home ។ សម្រាប់  AI Sale Fiesta របស់ក្រុមហ៊ុន Samsung គឺទទួលនូវការពេញនិយមខ្លាំងក្នុងការបង្ហាញនូវផលិតផលជាច្រើនរបស់ក្រុមហ៊ុន Samsung ហើយក្រុមហ៊ុន Samsung ក៏បន្តព្រឹត្តិការណ៍នេះមួយសប្តាហ៍ទៀតដល់ថ្ងៃទី 8 ខែកញ្ញា ឆ្នាំ 2024 នេះផងដែរ។
នៅក្នុងពេលខាងមុខនេះ មនុស្សជាច្រើនអាចប្រើប្រាស់នូវរ៉ូបូតក្នុងផ្ទះដូចជា Samsung's Ballie ដើម្បីគ្រប់គ្រងទៅលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះតាមរយៈការបញ្ជាជាសំឡេងបានថែមទៀតផង។ Ballie អាចស្តាប់និងធ្វើរឿងជាច្រើនបាន។ Ballie ក៏អាចក្លាយជាកាមេរ៉ាសុវត្ថិភាពក្នុងការមើលទៅលើសត្វចិញ្ចឹម និងការចាក់បង្ហាញវីដេអូនៅលើជញ្ជាំងថែមទៀត។
Article image
ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការនាំយកនូវមុខងារ AI ជាច្រើនទៅលើស្មាតហ្វូន និងផលិតផលប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀតនាពេលអនាគត។ ស្មាតហ្វូន និងថេប្លេតប្រណិតរបស់ក្រុមហ៊ុននេះក៏ទទួលបាននូវមុខងារ Galaxy AI ជាច្រើន ហើយស្មាតហ្វូនថ្នាក់កណ្តាល និងថេប្លេតថ្នាក់កណ្តាលជាច្រើនទៀតក៏ទទួលបាននូវមុខងារ  Galaxy AI feature: Circle to Search ផងដែរ៕
Samsung បញ្ជាក់ថា យុវវ័យជាច្រើនបានចាប់ផ្តើមផ្តោតទៅលើការទិញនូវផលិតផលដែលបំពាក់នូវបច្ចេកវិទ្យា AI