
ថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើនរួចមកហើយនិយាយពីស្មាតហ្វូន Galaxy S24 FE ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់ណាមួយទាក់ទងជាមួយនិងស្មាតហ្វូននេះនៅឡើយទេ។ យោងតាមព័ត៌មានថ្មីមួយបានបង្ហាញថា នៅពេលនេះ មានស្មាតហ្វូនរបស់ Samsung បានបង្ហាញវត្តមាននៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសបារាំ។ នៅលើបញ្ជីនេះមានការបញ្ចេញនូវព័ត៌មានតិចតួចប៉ុណ្ណោះពីស្មាតហ្វូននេះ។
បើតាមការបង្ហាញនៅលើវិបសាយ Support Page នេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានលេខម៉ូដែល SM-S721B។ ហើយលេខម៉ូដែលត្រូវបានគេជឿជាក់ថា គឺស្មាតហ្វូន Galaxy S24 FE ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គ្រោងនឹងដាក់លក់នៅលើទីផ្សារសកល ប៉ុន្តែមិនមានការបញ្ជាក់ពីលក្ខណៈសម្បត្តិច្បាស់លាស់ណាមួយពីស្មាតហ្វូននេះនៅឡើយទេ។

យោងតាមរបាយការណ៌កន្លងមក គឺធ្លាប់មានការបញ្ជាក់ថា Galaxy S24 FE នឹងមានការបំពាក់នូវបន្ទះឈីប Exynos 2400 របស់ក្រុមហ៊ុន Samsung ដែលធ្លាប់បានដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន Galaxy S24 និង S24+ រួចហើយ។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា នឹងមានដំណើរការនៅលើ Android 14 ផ្អែកជាមួយនិងស្បែកមុខកម្មវិធី One UI 6.1.1 skin។ និយាយពីការឌីស្សាញរូបរាងវិញ ស្មាតហ្វូន Galaxy S24 FE ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានការឌីស្សាញដូចគ្នាមួយនិងជំនាន់មុនៗអញ្ចឹងដែរ ដោយមានអេក្រង់ធំជាងមុន។ ប៉ុន្តែពេលនេះ បើមើលទៅលើរូបភាពគំរូបានបញ្ជាក់ថា ស្មាតហ្វូននេះ មានចង្កាខាងក្រោមក្រាសបន្តិច។

ជាមួយនិងរូបភាពគំរូនេះ ក៏បានបង្ហាញអោយដឹងទៀតថា ស្មាតហ្វូន Galaxy S24 FE នេះ នឹងមានរូបរាងដូចគ្នាជាមួយនិង Galaxy S24 series អញ្ចឹង ដោយនឹងមានគែមជ្រុង ដែលខុសពីម៉ូដែល Galaxy S23 FE។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ទៀតថា ក្រុមហ៊ុន Samsung នឹងផ្តល់នូវជម្រើស 4 ពណ៌ រួមមានដូចជាពណ៌ Gray, Light Blue, Light Green និង Yellow។ បន្ថែមពីនេះ នៅលើស្មាតហ្វូន Galaxy S24 FE នេះ ក៏នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP ISOCELL HP3 និងគ្រាប់ទីពីរមានទំហំ 10MP Telephoto lens ហើយនិងទីបីមានទំហំ 12MP Ultrawide lens។ កាមេរ៉ាគោល និង Telephoto នេះ គឺមានការគាំទ្រដោយមុខងារ OIS ដូចគ្នា។
