
បន្ទាប់ពីការបង្ហាញស្មាតហ្វូនបត់បានស៊េរីថ្មីចំនួន 3 ម៉ូដែល កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនបត់បានស៊េរីថ្មីចំនួន 2 បន្ថែមទៀតនៅលើទីផ្សារ។ សម្រាប់ម៉ូដែលថ្មីនេះ អាចជាស្មាតហ្វូនបត់បាន 3 តង់ ខណៈពេលដែលស្មាតហ្វូនមួយទៀតនោះ ក្រុមហ៊ុនទើបតែទម្លាយព័ត៌មានថ្មីប៉ុណ្ណោះ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានគេនិយាយថា អាចនឹងមានលក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ។
សូមជំរាបថា ក្រុមហ៊ុន Samsung ទើបតែចាប់ផ្តើមទម្លាយព័ត៌មានអំពីស្មាតហ្វូនបត់បាននេះនៅក្នុងប្រទេសចិន ហើយការប្រកាសជាផ្លូវការណ៌ គឺនឹងមកដល់នៅថ្ងៃទី 11 ខែតុលាខាងមុខនេះ។ ស្មាតហ្វូនថ្មីនេះ នឹងមានឈ្មោះហៅថា W26 ហើយ នឹងលក់ផ្តាច់មុខនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ដូចគ្នាទៅនឹងស្មាតហ្វូន W24 និង W25 ផងដែរ ស្មាតហ្វូន W26 នេះនឹងផ្អែកទៅលើស្មាតហ្វូន Galaxy Z Fold series ដែលបច្ចុប្បន្ននេះ គឺជាស្មាតហ្វូន Galaxy Z Fold 7។
នៅក្នុងរូបភាពបង្ហោះថ្មី បង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានពណ៌ខ្មៅ ហើយនិងក្រហមជាមួយនឹងគែមពណ៌មាស។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានលក្ខណៈសម្បត្តិនៃ Hardware ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Z Fold 7 ដែលរួមមានបន្ទះឈីប Snapdragon 8 Elite, 16GB RAM និងម៉េមូរីទំហំ 1TB ។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនូវ One UI 8.0 និងអាចអាប់ដេតទៅលើ Android OS ដល់ទៅ 7 ឆ្នាំ។
ស្មាតហ្វូន Samsung W26 នេះ អាចនឹងមានអេក្រង់ខាងក្រៅទំហំ 6.5-អ៊ីង OLED cover screen និងអេក្រង់ខាងក្នុងទំហំ 8-អ៊ីង Foldable OLED ហើយនិងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបំពាក់នូវ IP48 សម្រាប់ការពារធូលី និងទឹក និងគែម Enhanced Armor Aluminum frame។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 4,400mAh ដូចទៅនឹងស្មាតហ្វូន Galaxy Z Fold 7 ហើយនិងបច្ចេកវិទ្យាសាកថ្មលឿន 25W fast wired charging និង 15W wireless charging។

ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានកាមេរ៉ាមុខទំហំ 10MP selfie ចំនួន 2 គ្រាប់នៅលើអេក្រង់ខាងមុខ និងអេក្រង់ខាងក្នុង ហើយនិងមានកាមេរ៉ាខាងក្រោយ 200MP គាំទ្រជាមួយនឹងទប់លំនឹង OIS និងកាមេរ៉ា 12MP ultrawide គាំទ្រជាមួយនឹង Autofocus ហើយនិងគ្រាប់ទីបីទំហំ 10MP telephoto ភ្ជាប់ជាមួយនឹងមុខងារហ៊្សូម 3x optical zoom និងមុខងារ OIS។ ស្មាតហ្វូនជំនាន់ថ្មីនេះ មាន stereo speakers, 5G connectivity, Wi-Fi 7, Bluetooth 5.4, UWB, NFC និង USB 3.2 Type-C port ៕
