ស្វែងរកពួកយើង:

Samsung ពង្រីកយុទ្ធសាស្រ្តថ្មីលើបច្ចេកវិទ្យា AI សម្រាប់ Galaxy S26 Series អោយកាន់តែខ្លាំង

ដោយ

Koun Jab Luffy

01 សីហា 2025 08:36 ព្រឹក

អាន 2 នាទី

Article image
Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង នៅពេលនេះ ត្រូវបានគេរាយការណ៌ថា បានកំពុងតែគិតឡើងវិញអំពីយុទ្ធសាស្រ្តនៃបច្ចេកវិទ្យា AI នៅលើស្មាតហ្វូនត្រកូល Galaxy S26 Series។ ខណៈពេលនេះ ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy S Series គឺមានការផ្តោតខ្លាំងទៅលើ Germini របស់ក្រុមហ៊ុន Google សម្រាប់ផ្តល់នូវភាពឆ្លាតវៃក្នុងការប្រើប្រាស់។ ប៉ុន្តែចំពោះស្មាតហ្វូន Galaxy S26 Series ដែលនឹងមកដល់នៅឆ្នាំក្រោយ គឺអាចនឹងមានភាពខុសប្លែកពីមុនជាមួយនឹងបទពិសោធន៍នៃ AI ច្រើនជាងមុន តាមរយៈនៃការឌីស្សាញជាមួយនឹងភាពឆ្លាតវៃ និងមានជម្រើសកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់។
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង Bloomberg លោក Won-Joon Choi ដែលជាប្រធានផ្នែកស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបើកនូវ Ecosystem ទៅកាន់ AI ជាច្រើន។ នេះមានន័យថា Google Germini មិនមែនជាបច្ចេកវិទ្យាឆ្លាតវៃផ្តាច់មុខសម្រាប់ស្មាតហ្វូន Galaxy នោះទេ។
Article image
លោក Choi បានពន្យល់ថាក្រុមហ៊ុន Samsung បានបង្កើតនូវ framework ជាច្រើនដែលអាចទ្រទ្រង់ទៅលើ AI ជាច្រើនដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់យ៉ាងរលូន និងសមត្ថភាពខ្លាំងក្លាបំផុត។ បច្ចេកវិទ្យានេះ ក៏អាចនឹងមានការបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន AI ជាច្រើនទៀតដូចជា Perplexity ដែលក្រុមហ៊ុន Samsung វិនិយោគទឹកប្រាក់យ៉ាងច្រើន ដើម្បីបង្កើនទៅលើសមត្ថភាពរបស់ស្មាតហ្វូន Galaxy នេះ។
ខណៈពេលដែលព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ មិនទាន់ត្រូវទម្លាយទេនោះ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការចែករំលែកព័ត៌មានបន្ថែមរបស់ស្មាតហ្វូននេះ នៅមុនការប្រកាសជាផ្លូវការនៅដើមឆ្នាំ 2026 នេះ។ សម្រាប់ពេលនេះ ក្រុមហ៊ុន Samsung គឺបានគិតគូរច្រើនមែនទែនទៅលើបច្ចេកវិទ្យា AI ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុន និងអស្ចារ្យជាងមុន។
Article image
ការសម្រេចចិត្តរបស់ក្រុមហ៊ុន Samsung ទៅលើ AI Framework នេះ ជាមួយនឹងស្មាតហ្វូន Galaxy S26 គឺជាយុទ្ធសាស្រ្តមួយទៀតនៅក្នុងការចាកចេញពីការផ្តាច់មុខទៅលើ Google Ecosystem។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា AI នេះគឺក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុន Samsung ទាំងនៅលើស្មាតហ្វូន Flagship និងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនម៉ូឌែលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ៕