
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា មានគម្រោងនៅក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Huawei តាមរយៈការបង្ហាញចេញនូវស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ពិភពលោក។ មកដល់ពេលនេះ គឺមានតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនប៉ុណ្ណោះដែលគេដឹងថា បានអភិវឌ្ឍទៅលើស្មាតហ្វូនបត់បាន 3 តង់នេះ។ ផ្អែកជាមួយនិងការជូនដំណឹងនេះ Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ ហាក់មានបំណងចង់ចូលរួមនៅក្នុងការប្រកួតនេះក្នុងពេលឆាប់ៗនេះហើយ។
បើមើលទៅលើការបង្ហោះនៅលើ X (Twitter) តាមរយៈអ្នកទម្លាយ @Tech_Reve បានបង្ហាញថា ក្រុមហ៊ុន Samsung អាចនឹងបង្ហាញនូវស្មាតហ្វូនបត់បាន 3 តង់ នៅក្នុងឆ្នាំនេះ។ ខណៈពេលដែលក្រុមហ៊ុន Huawei ត្រូវគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនបត់បាន 3 តង់ នៅត្រីមាសទី 2 ឆ្នាំ 2024 ខាងមុខនេះហើយអ។ ការចូលមកប្រជែងនេះ ត្រូវបានគេបញ្ជាក់ថា គឺដោយសារក្រុមហ៊ុន Samsung ប្រហែលជាមិនចង់បាត់បង់នូវឈ្មោះដំបូងបំផុតរបស់ពិភពលោកនៅក្នុងផ្នែកនេះ។

យ៉ាងណាមិញ អ្នកលេងនៅលើអ៊ីនធឺណិតជាច្រើន បាននិយាយថា ពិតជាល្អសម្រាប់ក្រុមហ៊ុន Samsung ក្នុងការចាប់យកនូវចំណាត់ថ្នាក់លេខ 1 សម្រាប់ស្មាតហ្វូនរបស់ខ្លួនជាជាងអ្នកដំបូងគេ។ អ្នកប្រើប្រាស់ជាច្រើន បាននិយាយថា ក្រុមហ៊ុននេះក៏ប្រឈមមុខទៅនឹងបញ្ហាជាច្រើនទៅលើកាមេរ៉ាជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Galaxy S24 Ultra-flagship នេះផងដែរ។ សម្រាប់ពេលនេះ ក្រុមហ៊ុន Samsung មិនទាន់បានចែករំលែកនូវព័ត៌មានអ្វីអំពីស្មាតហ្វូនបត់បាន 3 បត់នោះទេ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុននេះ ក៏បានស្នើសុំនូវប៉ាតង់សម្រាប់ស្មាតហ្វូន Galaxy Fold ថ្មីដែលមានបំពាក់នូវ \dual hinge និង triple-screen framework ថែមទៀតផង។ តាមពាក្យចចាមអារ៉ាមអារ៉ាម និងការបែកធ្លាយជាច្រើននោះ ក្រុមហ៊ុន Huawei ក៏បានបង្កើនល្បឿនក្នុងការអភិវឌ្ឍទៅលើស្មាតហ្វូនបត់បាន 3 តង់ ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 នៅក្នុងឆ្នាំនេះផងដែរ។ ក្រុមហ៊ុននេះ ក៏បានតេស្តទៅលើកញ្ចក់ ultra-thing glass និង hinge សម្រាប់ស្មាតហ្វូននេះដើម្បីធ្វើអោយវាមានភាពធន់ និងរឹងមាំសម្រាប់គ្រប់ផ្នែកទាំងអស់ថែមទៀទផង។

ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវសារធាតុ carbon fiberglass កម្រិតខ្ពស់នៅលើស្មាតហ្វូនបត់បាន 3 តង់ របស់ខ្លួនជាជាងការប្រើប្រាស់នូវអាលុយមីញ៉ូម។ វាធ្វើអោយស្មាតហ្វូននេះ មានទម្ងន់ស្រាលជាងមុន និងការប្រើប្រាស់ជាមួយនឹងសមត្ថភាពខ្លាំងក្លាបានរយៈពេលយូរថែមទៀត។ ស្របពេលជាមួយគ្នានេះផងដែរ វាក៏មានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូនបត់បាន ៣ បត់របស់ក្រុមហ៊ុន Samsung ផងដែរ។ តើអ្នកណាអាចនឹងគ្រងដំណែងជាម្ចាស់របស់ស្មាតហ្វូនបត់បាន ៣ បត់ដំបូងបំផុតរបស់ពិភពលោករវាងក្រុមហ៊ុន Huawei និងSamsung នោះ៕
