ស្វែងរកពួកយើង:

Samsung អាចនឹងបង្ហាញនូវស្មាតហ្វូនបត់បានថ្មី ចំនួន 3 ម៉ូដែលនារដូវក្តៅខាងមុខនេះ

ដោយ

Koun Jab Luffy

07 មិថុនា 2025 08:51 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការរៀបចំនូវព្រឹត្តិការណ៍ Galaxy Unpacked របស់ខ្លួន នៅក្នុងរដូវក្តៅខាងមុខនេះហើយ ដោយឆ្នាំនេះ មានការព្យាករណ៌ថា ក្រុមហ៊ុន Samsung នឹងបង្ហាញមានវត្តមានជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានថ្មីចំនួន 3 ម៉ូដែល។ យោងតាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ មានការបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានតម្លៃសមរម្យថ្មីមួយនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនបត់បាន Z Fold 7 និង ZFlip 7។
ថ្មីៗនេះ បើតាមការបង្ហាញនៅក្នុងវិញ្ញាបនបត្រ TKDN នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់នូវលេខកូដចំនួន 3 រួមមានដូចជា SM-F761B, SM-F766B និង SM-F966B ដែលត្រូវគេជឿជាក់ថាជាស្មាតហ្វូន Galaxy Z Flip7, Galaxy Z Flip7 FE និង Galaxy Z Fold7។ សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បាន Z Flip7 និង  Z Fold7 ត្រូវបានគេរំពឹងថា គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីដែលមានការអាប់ដែតបំផុង។ ខុសប្លែកពីស្មាតហ្វូន Tri-fold Galaxy G Fold សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន  Z Flip7 FE អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលជាមួយនឹងស្មាតហ្វូនបត់បានទាំងពីរខាងលើនេះផងដែរ។
Article image
គួរបញ្ជាក់ថា កន្លងមក មានការបែកធ្លាយជាច្រើន ដោយនិយាយថា ស្មាតហ្វូនអេក្រង់បត់បានជំនានថ្មី Galaxy Z Flip 7 នេះ អាចនឹងមានអេក្រង់ខាងក្រៅទំហំ 4-អ៊ីង និងអេក្រង់ខាងក្នុងមានទំហំ 6.85-អ៊ីង ហើយនឹងមានការគាំទ្រ ដោយបន្ទះឈីប Exynos 2500 សម្រាប់ទីផ្សារជាច្រើននៅទូទាំងពិភពលោក។ សម្រាប់ស្មាតហ្វូនដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite គឺនឹងមានលក់នៅលើទីផ្សារអាមេរិកខាងជើង និងចិនប៉ុណ្ណោះ។
Article image
សម្រាប់លក្ខណៈសម្បត្តិស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold7 ត្រូវបានគេទម្លាយថា មានកម្រាស់ 4.5mm នៅពេលដែលបើកអេក្រង់ និងមានកាមេរ៉ាគោលទំហំ 200MP ទ្រទ្រង់នូវប្រព័ន្ធប្រតិបត្តិការ Android 16 ផ្អែកជាមួយនឹង One UI 8 ។ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Z Flip7 FE វិញ គឺនឹងមានអេក្រង់ខាងក្រៅទំហំ 3.4-អ៊ីង និងមានបន្ទះឈីប Exynos 2400 តែប៉ុណ្ណោះ ដោយសារតែស្មាតហ្វូននេះមានតម្លៃទាប។ នៅក្នុងគម្រោងនៃការប្រកាសជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ 2025 នេះ ស្មាតហ្វូនបត់បានទាំងនេះ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតវ៉ច  Galaxy Watch8 និងថេប្លេត  Tab S11 ផងដែរ៕
Samsung អាចនឹងបង្ហាញនូវស្មាតហ្វូនបត់បានថ្មី ចំនួន 3 ម៉ូដែលនារដូវក្តៅខាងមុខនេះ