ស្វែងរកពួកយើង:

SMIC ប្រឈមនឹងការធ្លាក់ចុះចំណូលទាក់ទងនឹងការផ្គត់ផ្គង់បន្ទះឈីប Kirin ទៅលើ Huawei Mate 70

ដោយ

Koun Jab Luffy

26 កញ្ញា 2024 08:50 ព្រឹក

អាន 2 នាទី

Article image
Huawei Mate 70 Series គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ដែលគេរំពឹងថា នឹងមានវត្តមាននៅលើទីផ្សារនាពេលឆាប់ៗនេះហើយ។ ការបង្ហាញខ្លួនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីការត្រឡប់មកវិញជាមួយនិងភាពខ្លាំងរបស់ Huawei។ ទាក់ទងជាមួយនឹងការប្រកាសចេញស្មាតហ្វូននេះដែរ មានការទម្លាយថា អ្នកផ្គត់ផ្គង់មួយចំនួនរបស់ក្រុមហ៊ុន Huawei ដែលរួមមានដូចជា SMIC ត្រូវបានគេមើលឃើញថា ក៏អាចនឹងប្រឈមនឹងទៅការធ្លាក់ចុះចំណូលរបស់ខ្លួនផងដែរ។
បើតាមការទម្លាយចេញពី DigiTimesAsia បានអោយដឹងថា នៅមុនការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាពេលខាងមុខនេះ ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នេះ គឺត្រូវបានគេមើលឃើញថា ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ហើយក្នុងនោះ ក៏មានការទម្លាយដែរថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការគាំទ្រផ្នែកហិរញ្ញវត្ថុនៅពេលដែលបង្ហាញខ្លួនផងដែរ។
ប៉ុន្តែសម្រាប់អ្នកផ្គត់ផ្គងមួយចំនួនរួមមានដូចជា SMIC នោះ ត្រូវបានគេមើលឃើញថា អាចនឹងមានចំណូលធ្លាក់ចុះជាមួយនិងវត្តមានរបស់ Huawei Mate 70 series នេះ។ ប្រភពខាងលើនេះ បាននិយាយថា ប្រាក់ចំណូលនៅក្នុងត្រីមាសទី 4 របស់ក្រុមហ៊ុនផលិតបន្ទះឈីបនេះ អាចនឹងមានការធ្លាក់ចុះបន្តិចប្រៀបធៀបជាមួយរយៈពេលដូចគ្នាជាមួយនិងឆ្នាំមុន។ ការធ្លាក់ចុះនេះ ត្រូវបានគេនិយាយថា ដោយសារតែពេលវេលានោះ គឺជាត្រីមាសចុងក្រោយ ហើយលក៏ស្របពេលដែលការផលិតបន្ទះឈីប មានការប្រែប្រួលនៅក្នុងពេលចុងឆ្នាំនេះដូចគ្នា។
បើទោះបីជាមានធ្លាក់ចុះនូវប្រាក់ចំណូលក៏ដោយ ក្រុមហ៊ុន SMIC គឺមិនបង្អង់ដៃនៅក្នុងការអភិវឌ្ឍទៅលើសង្វាក់ផលិតកម្មបន្ទះឈីបថ្មី Kirin នេះ សម្រាប់ Mate 70 series នោះទេ។ ក្រុមហ៊ុននេះត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់នូវបន្ទះឈីបកម្រិត 5nm ទៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Mate នេះថែមទៀតផង ដើម្បីធានាថា ស្មាតហ្វូននេះ នឹងមានសមត្ថភាពកាន់តែខ្លាំងជាងជំនាន់មុន។
SMIC ប្រឈមនឹងការធ្លាក់ចុះចំណូលទាក់ទងនឹងការផ្គត់ផ្គង់បន្ទះឈីប Kirin ទៅលើ Huawei Mate 70