ស្វែងរកពួកយើង:

Snapdragon 8 Elite កំពូលឈីបស្មាតហ្វូនជំនាន់ថ្មី ពង្រឹងសមត្ថភាពខ្លាំងបំផុត

ដោយ

Koun Jab Luffy

22 តុលា 2024 11:19 ថ្ងៃត្រង់

អាន 3 នាទី

Article image
ដូចអ្វីដែលបានគ្រោងទុក ដោយនៅទីបំផុតក្រុមហ៊ុន Qualcomm បានធ្វើការប្រកាសចេញផ្លូវការណ៍នៅកំពូលឈីបស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដោយប្រើប្រាស់ឈ្មោះថ្មីហៅថា Snapdragon 8 Elite ជំនួសឲ្យឈ្មោះ Snapdragon 8 Gen Series។ បន្ទះឈីបកំពូលជំនាន់ថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវអនុភាពកំលាំងដល់កំពូលស្មាតហ្វូន Android ជំនាន់ថ្មីចុងក្រោយ។
Snapdragon 8 Elite គឺជាបន្ទះឈីបដែលមានការឌីស្សាញឡើងថ្មីពីក្រុមហ៊ុន Qualcomm។បន្ទះឈីបនេះប្រើប្រាស់អង្គ CPU របស់ក្រុមហ៊ុនផ្ទាល់ជាស៊េរី Oryon-core CPU និងមានការធ្វើបច្ចុប្បន្នភាពថ្មីទៅលើប្រព័ន្ធ naming scheme ដែលមានភាពដូចគ្នានឹងឈីប ARM-based X Elite ដែលប្រើនៅលើកុំព្យូទ័រ Laptop កម្រិតខ្ពស់។ សម្រាប់អង្គគណនា Oryon-core ថ្មីត្រូវបានប្រើនូវអង្គគណនា 8-core ទាំងអស់សម្រាប់ដំណើរការ ដែលនេះមានន័យថា Qualcomm កំពុងធ្វើការផ្លាស់ប្តូរទាំងស្រុងពីការរចនាអង្គស៊ីភីយូ ARM ជាលើកដំបូងចាប់តាំងពីឆ្នាំ 2016 មក។
Article image
Qualcomm Snapdragon 8 Elite គឺជាកំពូលឈីបស្មាតហ្វូនជំនាន់ថ្មីដំបូងគេដែលប្រើប្រាស់នូវអង្គគណនាធំទាំងអស់ (all big-core)។ បន្ទះឈីបជំនាន់ថ្មីនេះមានអង្គគណនាគោល ឬ Prime-core ចំនួន 2-core ដែលមានអនុភាពកំលាំងខ្លាំងដល់ 4.32GHz រួមនឹងអង្គគណនាជំនួយ ឬ Performance-core មានចំនួន 6-core កំលាំង 3.53GHz។ Snapdragon 8 Elite គាំទ្រប្រព័ន្ធ 24MB L2 Cache និងរ៉េម LPDDR5X 5,300MHz ដែលនឹងផ្តល់នូវអនុភាពកំលាំងដ៏ខ្លាំងក្លាសម្រាប់ការដំណើរការកិច្ចការងារទាំងឡាយ។ កំពូលឈីបស្មាតហ្វូនជំនាន់ថ្មីរបស់ Qualcomm នេះ ប្រើប្រាស់ប្រព័ន្ធដំណើរការផលិតតាមខ្នាតស្តង់ដារ 3nm របស់ក្រុមហ៊ុន TSMC ដែលមានអនុភាពល្បឿនដំណើរការខ្លាំងជាងជំនាន់ Snapdragon 8 Gen 3។
Article image
Qualcomm អះអាងថា Snapdragon 8 Elite គឺបានពង្រឹងទៅលើប្រព័ន្ធដំណើរការអង្គ CPU ខ្លាំងជាងមុនប្រមាណ 45% និងមានប្រសិទ្ធិភាពខ្ពស់ជាងមុន 44%។ សម្រាប់ប្រសិទ្ធិភាពក្នុងដំណើរការជាមួយហ្គេមវិញ បន្ទះឈីបជំនាន់ថ្មីនេះបានពង្រឹងទៅលើអង្គក្រាហ្វិច Adreno 830 GPU ដែលមានល្បឿនដំណើរការប្រសើរជាងមុនប្រមាណ 40% ទាំងដំណើរការ  និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់ថាមពល ហើយនឹងបង្កើនប្រសិទ្ធិភាពទៅលើប្រព័ន្ធ ray tracing លឿនជាងមុនប្រមាណ 35% ថែមទៀតផង។
Article image
Qualcomm បាននិយាយថា ប្រសិទ្ធភាពនេះអាចពង្រីកវគ្គក្នុងការលេងហ្គេមបានរហូតដល់ 2.5 ម៉ោង។ លើសពីនេះទៀត 8 Elite គឺជា Qualcomm SoC ដំបូងគេដែលគាំទ្រ Unreal Engine 5.3 និងប្រព័ន្ធ Nanite virtualized geometry system។ ជាមួយគ្នានេះ Qualcomm Snapdragon 8 Elite បានប្រើប្រាស់ប្រព័ន្ធ Hexagon neural processing unit (NPU) ថ្មី ដែលមានសមត្ថភាពដំណើរការជាមួយកម្មវិធី AI លឿនជាងមុនប្រមាណ 45%។
បន្ថែមពីនេះវាក៏បានប្រើនូវប្រព័ន្ធ AI Engine របស់ Qualcomm ដែលគាំទ្រនូវ Gen AI ដែលអាចដំណើរការបានរលូនទាំង Large និង Small AI Model។ សម្រាប់ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូវិញ Snapdragon 8 Elite គាំទ្រជាមួយកាមេរ៉ាទំហំ 48MP ចំនួន 3 គ្រាប់, ការថតវីដេអូក្នុងកម្រិត 108MP ល្បឿន 30fps និងការថតរូបភាពបានដល់ទំហំ 320MP ឯណោះ។
សម្រាប់ការតភ្ជាប់បណ្តាញវិញ Snapdragon 8 Elite ភ្ជាប់មកជាមួយម៉ូឌឹមសេវា Snapdragon X80 5G។ បន្ថែមពីនេះ Qualcomm ក៏បានដាក់បញ្ចូលគ្នានូវបច្ចេកវិទ្យា Bluetooth, Wi-Fi និងUWB នៅលើឈីប 6nm តែមួយ ហើយក៏ជាលើកដំបូងផងដែរសម្រាប់Qualcomm ក្នុងការធ្វើដូចនេះ។ បន្ទះឈីបជំនាន់ថ្មីនេះ គាំទ្របច្ចេកវិទ្យា Wi-Fi 7, Bluetooth 6.0 និងប្រព័ន្ធ Ultra-wideband (UWB) connectivity ជាដើម៕
Snapdragon 8 Elite កំពូលឈីបស្មាតហ្វូនជំនាន់ថ្មី ពង្រឹងសមត្ថភាពខ្លាំងបំផុត