
បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន កាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Sony នឹងចាកចេញពីទីផ្សារស្មាតហ្វូនរបស់ចិននោះ នៅថ្ងៃនេះ ក្រុមហ៊ុន Sony បានចេញមុនបដិសេធទៅលើពាក្យចចាមអារ៉ាមនេះហើយ។ យោងតាមការផ្សព្វផ្សាយថ្មីនៅពេលនេះ បានបង្ហញថា ក្រុមហ៊ុន Sony បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដែលបញ្ជាក់អំពីការបន្តក្នុងការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូននេះ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមហ៊ុន Sony ដែលសាខានៅក្នុងប្រទេសចិន បាននិយាយថា “អាជីវកម្មជាច្រើនរបស់ក្រុមហ៊ុន Sony នៅក្នុងប្រទេសចិន ដែលមានអាជីវកម្មស្មាតហ្វូនផងនោះ គឺនៅតែបន្តប្រតិបត្តិការទៅមុខជានិច្ច។ ប្រទេសចិន គឺជាទីផ្សារធំបំផុតមួយរបស់ក្រុមហ៊ុន Sony ហើយយើងនឹងបន្តក្នុងការអភិវឌ្ឍទៅមុខបន្ថែមទៀតនៅក្នុងទីផ្សារនៃប្រទេសចិន។” នៅក្នុងសេចក្តីថ្លេងការណ៍នេះ គឺបានផ្តល់នូវភាពច្បាស់លាស់ ដែលបញ្ជាក់អំពីអនាគតរបស់ក្រុមហ៊ុន Sony នៅក្នុងប្រទេសចិន គឺនៅតែបន្តជានិច្ច។

បើទោះបីជាចំណែកទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Sony នៅក្នុងប្រទេសចិន មានការធ្លាក់ចុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក៏ដដោយ ក្រុមហ៊ុននេះ ក៏នៅតែមានការប្តេជ្ញាចិត្តក្នុងការរក្សាវត្តមានរបស់ខ្លួននៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែងខ្លាំងនេះផងដែរ។ ក្រុមហ៊ុន Sony បានចូលទៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន មានរយៈពេលច្រើនជាង 10 ឆ្នាំហើយ គឺនៅពេលដែលក្រុមហ៊ុននេះ ទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Ericsson ដែលជាការបណ្តាក់ទុនរួមគ្នា។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុនមួយនេះ ក៏បានតស៊ូបានជាមួយនឹងការរក្សានូវល្បឿននៃកំនើនយ៉ាងឆាប់រហ័ស និងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សាររបស់ចិន។ យ៉ាងណាមិញ ក្រុមហ៊ុននេះ ក៏បានលក់នូវស្មាតហ្វូនជាច្រើនរបស់ខ្លួន ដែលមានដូចជា Xperia PRO-I, Xperia 5 III, Xperia 1 V, Xperia 5V និង Xperia1 IV នៅលើវេបសាយរបស់ខ្លួននៅក្នុងប្រទេសចិនថែមទៀត។

បច្ចុប្បន្ននេះ ក្រុមហ៊ុននេះ បាននិយាយថា កំពុងតែធ្វើការនៅលើស្មាតហ្វូនជាច្រើនដែលត្រៀមខ្លួនក្នុងការប្រកាសនៅឆ្នាំ 2024 នេះ។ មានការបញ្ជាក់ថា ស្មាតហ្វូន Sony Xperia 1 VI និង 5 VI ក៏អាចនឹងមានវត្តមានផងដែរ។ នៅមិនទាន់មានព័ត៌មានច្រើននោះទេ អំពីស្មាតហ្វូននេះ។ ប៉ុន្តែផ្អែកនៅលើការបែកធ្លាយជាច្រើននោះ បានទម្លាយនូវព័ត៌មានជាច្រើនអំពីស្មាតហ្វូននេះ។ កាលពីខែមករានេះ មានរបាយការណ៍មួយ បានទម្លាយថា ស្មាតហ្វូន Xperia I VI នឹងមានកាមេរ៉ាទំហំ 48MP ចំនួន 3 គ្រាប់តែម្តង៕
