ស្វែងរកពួកយើង:

Sony Alpha 9 III នឹងឈានជើងចូលទីផ្សារប្រទេសឥណ្ឌាក្នុងពេលឆាប់ៗខាងមុខនេះហើយ

ដោយ

Koun Jab Luffy

26 កុម្ភៈ 2024 04:30 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន SONY ប្រចាំនៅប្រទេសឥណ្ឌាបានបង្ហាញវីដេអូ teaser ខ្លីមួយនៅលើបណ្តាញ X (Twitter) របស់ក្រុមហ៊ុន ដែលបានបង្ហាញពីតម្រុយនៃការមកដល់ក្នុងពេលឆាប់ៗសម្រាប់កាមេរ៉ាស៊េរីថ្មីចុងក្រោយរបស់ខ្លួនម៉ូដែល Alpha 9 III សម្រាប់ទីផ្សារប្រទេសឥណ្ឌា។ កាមេរ៉ាស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍ជាសកលលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 ហើយខណៈពេលនេះ គឺមានការបញ្ជាក់ពីការបង្ហាញវត្តមានលើកដំបូងសម្រាប់ទីផ្សារប្រទេសឥណ្ឌា។
Sony Alpha 9 III បានបំពាក់នូវប្រព័ន្ធចាប់រូបភាពដែលមានចលនាលឿនលឿនបំផុតបានក្នុងគុណភាពច្បាស់បំផុត ដែលល្អបំផុតសម្រាប់អ្នកថតរូបក្នុងវិស័យកីឡា ឬអ្នកថតរូបឯកសារសត្វព្រៃជាដើម ដោយវាមានសមត្ថភាពក្នុងការចាប់រូបភាពលឿនបំផុតត្រឹមមីលីវិនាទីប៉ុណ្ណោះ។ Alpha 9 III បានបំពាក់នូវសែនស័រកាមេរ៉ាទំហំ 24.6MP ជាប្រភេទ Exmor RS CMOS Image Sensor និងដំណើរការដោយបន្ទះឈីបស៊េរី BIONZ XR Processor ដែលគាំទ្រល្បឿនក្នុងការថតរូបសន្លឹក 120fps ជាមួយមុខងារ AF/AE Tracking។
បន្ថែមពីនេះ Sony ក៏បានបំពាក់បន្ថែមនូវប្រព័ន្ធគណនាប្លង់រូបភាពកម្រិតខ្ពស់ advanced autofocus system នៅលើ Alpha 9 III ដែលគាំទ្រជាមួយប្រព័ន្ធគណនាប្លង់ឆ្លាតវៃ AI-Driven Autofocus ដែលមានល្បឿនក្នុងការគណនាលឿនរហ័សដល់ 120 ដងក្នុងមួយវិនាទី ដើម្បីទទួលបានការផ្តិតរូបភាពបានច្បាស់់គ្រប់ពេលដែលបានថត។ ជាងនេះទៅទៀត Alpha 9 III ក៏មានសមត្ថភាពខ្ពស់ក្នុងការកម្រិតពន្លឺទៅតាមមជ្ឈដ្ឋានពន្លឺខាងក្រោយ ដើម្បីធ្វើឲ្យរូបភាពដែលផ្តិតចេញមកទទួលបានគុណភាពខ្ពស់ និងមានភាពស្រស់ស្អាតគ្រប់កាលៈទេសៈ។
Article image
សម្រាប់សមត្ថភាពក្នុងការថតវីដេអូវិញ Sony Alpha 9 III អាចធ្វើបានដល់កម្រិត 4K ក្នុងល្បឿន 120p ជាមួយកម្រិត High-frame-rate ដោយពុំមានការ Crop សាច់វីដេអូឡើយ ដែលធ្វើឲ្យគុណភាពវីដេអូដែលផលិតចេញមកមានផ្ទៃធំទូលាយច្បាស់ល្អ ជាមួយសាច់វីដេអូច្បាស់ដិតម៉ដ្ឋ។ ជាមួយគ្នានេះ Alpha 9 III ក៏មានភ្ជាប់មកជាមួយមុខងារថតវីដេអូកម្រិតខ្សែភាពយន្ត S-Cinetone ដែលផលិតវីដេអូបានច្បាស់កម្រិតខ្សែភាពយន្តចេញពីកាមេរ៉ាផ្ទាល់ថែមទៀតផង ដោយមិនត្រូវការកាត់កែប្រែបន្ថែមទៀតនោះឡើយ។ យ៉ាងណាមិញ SONY India មិនបានបង្ហាញកាលបរិច្ឆេទក្នុងការប្រកាសចេញ ក៏ដូចជាតម្លៃរបស់ Sony Alpha 9 III នៅឡើយទេក្នុងពេលនេះ៕
Sony Alpha 9 III នឹងឈានជើងចូលទីផ្សារប្រទេសឥណ្ឌាក្នុងពេលឆាប់ៗខាងមុខនេះហើយ