
នៅពេលនេះ ក្រុមហ៊ុន Sony ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនហើយ ដោយម៉ូដែលថ្មីនេះ គឺមានឈ្មោះថា Xperia 1 VI។ ស្មាតហ្វូននេះ នឹងមានការសម្ពោធជាផ្លូវការនៅថ្ងៃទី 17 ខែឧសភាខាងមុខនេះហើយ។ សម្រាប់វត្តមានរបស់កំពូលស្មាតហ្វូនថ្មីនេះ គឺនឹងមានការផ្តោតខ្លាំងទៅលើបច្ចេកវិទ្យាអេក្រង់។
គួរបញ្ជាក់ផងដែរថា កាលពីពេលមុននេះ ក្រុមហ៊ុន Sony បានប្រកាសផ្លាស់ប្តូរនូវបច្ចេកវិទ្យាអេក្រង់ថ្មី “new display technology” នៅលើស្មាតហ្វូនម៉ូដែលថ្មី Xperia 1 VI នេះ ដោយងាកមកប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ BRAVIA engine ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុនមួយនេះ បានប្រើប្រាស់នៅលើទូរទស្សន៌ 2024 BRAVIA TVs ទៀតផង។ សម្រាប់ចំណុចសំខាន់ដែលគេមើលឃើញថា មានការផ្លាស់ប្តូរនៅលើស្មាតហ្វូនជំនាន់ថ្មី Xperia 1 VI នេះ គឺក្រុមហ៊ុននេះ សម្រេចប្រើប្រាស់នូវ 19.5:9 aspect ratio ជំនួសអោយខ្នាតអេក្រង់ 21:9 ratio ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Xperia 1 models នាពេលកន្លងមក។

ស្មាតហ្វូន Sony Xperia 1 VI ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.5-អ៊ីង ហើយក៏មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុននេះ ក៏នឹងមានការទ្រទ្រង់នូវអេក្រង់កម្រិត 4K ដែលក្រុមហ៊ុននេះធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Xperia 1 ចាប់តាំងពីឆ្នាំ 2019 ផងដែរ។ គិតត្រឹមថ្ងៃនេះ គឺនៅសល់ពេលតែ 3 ថ្ងៃទៀតប៉ុណ្ណោះ គឺដល់ពេលវេលានៃការប្រកាសចេញនូវ Xperia 1 VI ហើយ ដូច្នេះ យើងនឹងទទួលបាននូវព័ត៌មានថ្មីៗមួយចំនួនទៀត ក្នុងពេលឆាប់ៗនេះ។
