ស្វែងរកពួកយើង:

Sony Xperia 1 VI បង្ហាញវត្តមានជាមួយកាមេរ៉ាទំហំ 48MP Exymor T Sensor និងមានការបង្កើនគុណភាព Zoom បានដល់ 7.1x

ដោយ

Koun Jab Luffy

16 ឧសភា 2024 09:59 ព្រឹក

អាន 4 នាទី

Article image
កាលពីម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ជប៉ុន SONY បានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ខ្លួនម៉ូដែល Xperia 1 VI ជាផ្លូវការណ៍។ ស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវបន្ទះឈីបថ្មីខ្លាំង ពង្រឹងប្រព័ន្ធកាមេរ៉ាថតរូប និងមានការឌីស្សាញរូបរាងកាន់តែប្រណិតកម្រិត Premium។
សម្រាប់ការឌីស្សាញរូបរាង គឺរក្សាប្រណិតភាពដូចគ្នាទៅនឹងជំនាន់មុនដដែលជាមួយផ្ទៃអេក្រង់ និងផ្ទៃខ្នងក្រោយរាបស្មើរ វ័នដោយស៊ុមដែលមានការឌីស្សាញរាងក្តោបមូលគែមបន្តិច។ នៅលើផ្ទៃខ្នងខាងក្រោយរបស់ Sony Xperia 1 VI មានរំលេចនូវកញ្ចប់កាមេរ៉ារាង Pill-Shaped បញ្ឈរនៅជិតគែមខាងឆ្វេងបន្តិច។ ហើយអ្វីដែលជាការផ្លាស់ប្តូរធំសម្រាប់ស្មាតហ្វូន Android ដែលមិនទាន់ចូលបក្សឆក ឬរន្ធទំលុះអេក្រង់របស់ជប៉ុនមួយនេះ គឺផ្ទៃអេក្រង់អេក្រង់តែម្តង។ ដោយលើកនេះ Xperia 1 VI បានប្រើនូវអេក្រង់ដែលមានខ្នាត 19.5:9 aspect ratio ជំនួសអោយអេក្រង់ខ្នាតកុន 21:9 cinema aspect ratio ដែលប្រើនៅលើជំនាន់មុនៗ។ ហើយការផ្លាស់ប្តូរខ្នាតវិមាត្រអេក្រង់នេះ ក៏ធ្វើឲ្យ Xperia 1 VI មានកម្ពស់ទាបជាងជំនាន់មុនបន្តិចផងដែរ។
Article image
បន្ថែមពីនេះ SONY ក៏បន្ថយកម្រិតបង្ហាញនៅលើផ្ទៃអេក្រង់របស់ Xperia 1 VI ពីកម្រិត 4K នៅលើជំនាន់មុនមកនៅត្រឹម Full-HD+ (1080x2340px) ប៉ុណ្ណោះ។ អេក្រង់ស្មាតហ្វូនជំនាន់ថ្មីនេះមានទំហំ 6.5-inch ជាបច្ចេកវិទ្យាអេក្រង់ OLED Panel គាំទ្រមុខងារ HDR, ជាមួយបច្ចេកវិទ្យាពណ៌កម្រិត DCI-P3 និង X1 For Mobile ផងដែរ។ បន្ទះអេក្រង់ស្មាតហ្វូននេះ គាំទ្រកម្រិតល្បឿន refresh rate  ពី 1Hz-120Hz ជាមួយ touch sampling rate 240Hz ព្រមទាំងមានមុខងារ 240Hz Motion blur reduction ថែមទៀតផង។ ផ្ទៃអេក្រង់ និងខ្នងខាងក្រោយរបស់ SONY Xperia 1 VI ស្រោបការពារដោយបច្ចេកវិទ្យាកញ្ចក់អេក្រង់ Corning Gorilla Glass Victus 2។
Article image
ចូលមកផ្នែកម៉ាស៊ីនវិញ Sony Xperia 1 VI បានប្រើនូវកំពូលឈីប Qualcomm Snapdragon 8 Gen 3 ដែលមានភ្ជាប់នូវអង្គក្រាហ្វិច Adreno 750។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានរ៉េមទំហំ 12GB LPDDR5X និងអង្គផ្ទុកទិន្នន័យ UFS4.0 ទំហំ 256GB ដល់ 512GB។ ជាមួយគ្នានេះ SONY ក៏អនុញ្ញាតិឲ្យធ្វើការដាក់បន្ថែមទំហំផ្ទុកពីខាងក្រៅបានដល់ 1.5TB ជាប្រភេទ microSD ថែមទៀតផង។ ហើយនៅលើប្រព័ន្ធម៉ាស៊ីនរបស់ Xperia 1 VI ក៏មានស្រោបនៅស្រទាប់បន្សាបកម្តៅ  vapor chamber cooling system ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះក៏មានរន្ធដោតកាសខ្នាត 3.5mm និងប្រព័ន្ធ Speaker ពីគ្រាប់ស្ថិតនៅលើគែមអេក្រង់លើក្រោម។
Article image
Xperia 1 VI មានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 30W និងអាចសាកភ្លើងដោយមិនប្រើខ្សែជាមួយមុខងារ Qi Wireless Charging, គាំទ្របច្ចេកវិទ្យាសេវា 5G, 4G VoLTE, Wi-Fi 6E, Bluetooth 5.4 LE, NFC, USB-C3.2 និងមានសែនស័រស្កែនក្រយ៉ៅម្រាមដៃស្ថិតនៅលើស៊ុមខាងស្តាំ។ ស្មាតហ្វូនជំនាន់ថ្មីនេះដំណើរការដោយ Android 14 ចេញពីប្រអប់ ហើយក៏អាចធ្វើបច្ចុប្បន្នភាពប្រតិបត្តិការថ្មីបានបីឆ្នាំ ឬបីជំនាន់ និងប្រព័ន្ធសុវត្ថិភាពបានដល់រយះពេល 4 ឆ្នាំ។
សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ Sony Xperia 1 VI បានបំពាក់នូវសែនស័រកាមេរ៉ាថ្មីចុងក្រោយបំផុតសម្រាប់ស្មាតហ្វូន គឺ Exymor T sensor ខ្នាត 1/1.3.5″ ទំហំ 48MP មាន aperture f/1.9 ភ្ជាប់មកជាមួយមុខងារ Hybrid OIS និង EIS ដើម្បីជួយទប់លំនឹងសែនស័រ។ ចំនែកគ្រាប់បន្ទាប់មានទំហំ 12MP (f/2.2) ជា Ultra-wide Sensor ខ្នាត 16mm focal length រីគ្រាប់ចុងក្រោយជា Telephoto Sensor ខ្នាត 1/3.5″ ជាប្រភេទកែវលែន 85mm-170mm optically-zoom lens ដែលមានសមត្ថភាពអាចពង្រីកប្លង់ថតបានពី 3.5x ដល់ 7.1x optical zoom និង 21.3x Hybrid-zoom។
ហើយកញ្ចប់លែនទាំងបីគ្រាប់ខាងក្រោយរបស់ Xperia 1 VI ជាប្រភេទលែន ZEISS T* coated lenses។ ចំនែកកាមេរ៉ាមុខគឺមានមួយគ្រាប់ទំហំ 12MP ជាប្រភេទ  Exmor RS mobile sensor ខ្នាត1/2.9″ មាន aperture f/2.0 និងគាំទ្រមុខងារ 84° field of view។ ប្រព័ន្ធកាមេរ៉ានៅលើ Sony Xperia 1 VI អាចថតវីដេអូបានដល់កម្រិត 4K@120fps។ ជាមួយគ្នានេះ Sony ក៏បានធ្វើការកែប្រែកម្មវិធីកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ដែលកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុនផងដែរ។
Article image
Sony Xperia 1 VI នឹងមានដាក់លក់នៅលើទីផ្សារនៅដើមខែមិថុនា ជាមួយតម្លៃខ្ទង់ €1,399/£1,299/$1,522 ដោយមានជម្រើសពណ៌ខ្មៅ Black, ទឹកប្រាក់ Platinum Silver, និងបៃតងKhaki Green៕
Sony Xperia 1 VI បង្ហាញវត្តមានជាមួយកាមេរ៉ាទំហំ 48MP Exymor T Sensor និងមានការបង្កើនគុណភាព Zoom បានដល់ 7.1x