
ស្មាតហ្វូនស៊េរីថ្មី Sony Xperia 10 VII ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួននៅក្នុងខែតុលា ឆ្នាំ 2025 ខាងមុខនេះ ប៉ុន្តែថ្មីៗ នេះ ក្រុមហ៊ុនផលិតសម្បកស្មាតហ្វូន SpinoArmor បានចាប់ផ្តើមដាក់លក់នូវសម្បកការពារ (Protective Case) សម្រាប់ស្មាតហ្វូននេះនៅលើហាង Amazon នៅក្នុងប្រទេសជប៉ុនរួចហើយ។ ផ្អែកតាមរូបភាពនេះ គឺបានបង្ហាញនូវរូបរាងនៃការឌីស្សាញកាន់តែប្លែក បើទោះបីជាការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះ មិនទាន់ត្រូវបានទម្លាយនៅឡើយក៏ដោយ។
តាមរយៈរូបភាពជាច្រើននេះ គឺបង្ហាញអំពីការផ្លាស់ប្តូរខ្លាំងជាងគេទៅលើទម្រង់នៃកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីនេះ។ ក្រុមហ៊ុន Sony ហាក់ដូចជាផ្លាស់ប្តូរនូវស្ទាយ៍កាមេរ៉ាទម្រង់ Pill-shape ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន។ នៅពេលនេះ ក្រុមហ៊ុន Sony ប្រើប្រាស់នូវការឌីស្សាញថ្មីជាមួយនឹងកាមេរ៉ាភ្លោះដូចគ្នា ហើយវាក៏មានការបំពាក់នូវ LED Flash និង 2 x microphones ផងដែរ។

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺនៅមានគែម bezels នៅក្រាស់ទៅលើផ្នែកខាងក្រោម និងផ្នែកខាងលើ ប៉ុន្តែមិនមាន Notch ឬ Puch-hole នោះទេ។ នៅផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ មានប៊ូតុង volume និង lock ហើយបើមើលទៅលើសម្បកស្មាតហ្វូននេះមិនមានប៊ូតុងបញ្ជាកាមេរ៉ា (Camera Shutter Button) នោះទេ បើទោះបីជាគេដឹងថានៅលើស្មាតហ្វូន Xperia 10 VII នឹងនៅតែរក្សានូវប៊ូតុងនេះ។

យោងតាអពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.1-អ៊ីង ជាមួយនឹង 21:9 Aspect Ratio ដែលធ្វើអោយស្មាតហ្វូននេះនៅតែជាស្មាតហ្វូនដែលមានកម្រាស់ស្តើង។ សម្រាប់គែមរបស់ស្មាតហ្វូននេះគឺធ្វើពីលោហធាតុ។ ក្រុមហ៊ុន Sony អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 6 Gen 4 ជំនួសអោយបន្ទះឈីប Snapdragon 6 Gen 1ដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់មុននេះ។ គួរបញ្ជាក់ផងដែរថា ចំណែកទីផ្សារស្មាតហ្វូនសកលរបស់ក្រុមហ៊ុន Sony ក៏មានការធ្លាក់ចុះប្រហែលជា 1% ផងដែរ ខណៈពេលដែលក្រុមហ៊ុន Sony ក៏បង្កើនការលក់របស់ខ្លួននៅក្នុងតំបន់ជាច្រើនជាពិសេសផ្នែកជាច្រើននៃទីផ្សាររបស់អ៊ឺរ៉ុប៕
