ស្វែងរកពួកយើង:

Sony បើកសម្ពោធ Showroom ដំបូងរបស់ខ្លួន នៅទីក្រុង Los Angeles បង្ហាញនូវរថយន្តអគ្គិសនី Afeela 1 EV

ដោយ

Koun Jab Luffy

26 កុម្ភៈ 2025 04:36 ល្ងាច

អាន 3 នាទី

Article image
ក្រុមហ៊ុន Sony Honda Mobility បានបើកសម្ភោធហាងលក់ដំបូងរបស់ខ្លួននៅក្នុងទីក្រុង Los Angeles ដើម្បីត្រៀមចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីដំបូងរបស់ខ្លួន ម៉ូដែល Afeela 1 EV។ មានទីតាំងនៅក្នុងផ្សារទំនើប Westfield Century City ដែលជាតំបន់ប្រជុំជនដែលនឹងផ្តល់ឱកាសសម្រាប់អតិថិជន និងអ្នកចូលចិត្តរថយន្តអគ្គិសនី ដើម្បីមានទស្សនាដោយផ្ទាល់ជាមួយនឹងរថយន្តអគ្គិសនី Afeela 1 EV នៅមុនពេលនៃការចេញលក់ផ្លូវការណ៍នៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ 2026។
Westfield Century City mall ស្ថិតនៅចំកណ្តាលនៃសង្កាត់ដែលជាប់នឹងឧស្សាហកម្មកម្សាន្ត ដែលជាទីតាំងដែលផ្តល់នូវសក្កានុភាពខ្ពស់សម្រាប់យុទ្ធសាស្ត្រទីផ្សាររបស់ Sony។ ទោះជាយ៉ាងណា Sony នឹងបើកឲ្យអតិថិជន និងអ្នកទស្សនាចូលទស្សនាជាសាធារណៈនៅរយះពេល 6 ខែបន្ទាប់ ដែលអាចដល់ថ្ងៃទី 01 ខែសីហា ឆ្នាំ 2025។ នៅពេលនោះអ្នកចូលទស្សនា អាចទស្សនាដោយផ្ទាល់ជាមួយរថយន្ត Sony Afeela 1 EV ដើម្បីស្វែងយល់ពីផ្នែកខាងក្នុង និងបច្ចេកវិទ្យាដែលមាននៅលើរថយន្តអគ្គិសនីស៊េរីថ្មីរបស់ជប៉ុនមួយនេះ។
Article image
Afeela គឺជាលទ្ធផលរថយន្តអគ្គិសនីដំបូងដែលកើតចេញពីការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Sony និង Honda។ ដោយនៅក្នុងកិច្ចសហការនេះ ក្រុមហ៊ុនទាំងពីរមានគោលបំណងបង្កើតបទពិសោធន៍ រថយន្តអគ្គិសនីពិសេសមួយ ដោយរួមបញ្ចូលគ្នានូវមុខងារនៃការកម្សាន្ត Entertainment និង Mobility។ ស្ទូឌីយោថ្មីនេះ នឹងផ្តល់ឱ្យ Sony នូវវេទិកាដែលត្រូវការដើម្បីរំលេចនូវការច្នៃប្រឌិតទាំងអស់ដែលមានបំពាក់នៅលើរថយន្តអគ្គិសនី Afeela 1 ដែលនឹងចេញលក់ផ្លូវការណ៍លើទីផ្សារនាឆ្នាំ 2026។ ថ្មីៗនេះក្រុមហ៊ុន SHM បានប្រកាសតម្លៃសម្រាប់ Afeela 1 ដោយមានតម្លៃចាប់ពីខ្ទង់ €81,000 ឬប្រហែល $84,048។ ហើយសម្រាប់ម៉ូដែល Afeela 1 Signature នឹងមានតម្លៃ €92,700 ឬប្រហែល $ 97,390។
Sony Afeela 1 EV គឺជារថយន្តអគ្គិសនី Sedan ប្រណិតទំនើបខ្លាំងបំផុត។ រថយន្តនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា ដំណើរការដោយប្រព័ន្ធ dual-motor all-wheel-drive system ដោយម៉ូទ័រនីមួយៗមានកំលាំង 241 សេះ។ Afeela 1 EV ប្រើប្រាស់កញ្ចប់ថ្មប្រភេទ lithium-ion battery ទំហំ 91kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 483km តាមស្តង់ដារតេស្ត EPA។ សម្រាប់បច្ចេកវិទ្យាសាកភ្លើងវិញ Afeela 1 EV គាំទ្រនូវប្រព័ន្ធ DC Fast Charging ដែលគាំទ្រកំលាំងសាកដល់ 150kW និងគាំទ្រជាមួយប្រព័ន្ធរន្ធសាកភ្លើង NACS-style charge port។
Article image
ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Afeela 1 EV គឺបំពាក់នូវប្រព័ន្ធ Advanced Afeela Intelligent Drive system ដែលគាំទ្រដំណើរការដោយសែនស័រកាមេរ៉ា និងសែនស័រចាប់សញ្ញារហូតដល់ទៅ 40 គ្រាប់ ហើយប្រព័ន្ធ Advanced Afeela Intelligent Drive គឺមានសមត្ថភាពអាចដំណើរការបានទាំងការបើកបរនៅលើផ្លូវល្បឿនលឿន និងផ្លូវប្រជុំជន។ Honda នឹងធ្វើការផលិតរថយន្ត Afeel 1 EV នៅក្នុងរោងចក្រOhio plant ជាមួយគ្នានេះក្រុមហ៊ុន ក៏មានគម្រោងពង្រីកស្រឡាយរថយន្ត Afeela ជាមួយនឹងការផលិតម៉ូដែល SUV និង Compact Model ផ្សេងទៀតផងដែរនៅចុងទសវត្សរ៍នេះ៕