
អាជីវកម្ម PlayStation Division របស់ Sony បាននឹងកំពុងប្រឈមមុខនឹងរយៈពេលដ៏លំបាកមួយ ខណៈដែលក្រុមហ៊ុនបានប្រកាសកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនប្រហែល 8% ឬស្មើរនឹងចំនួនបុគ្គលិកប្រមាណប្រហែល 900 នាក់។ ការផ្លាស់ប្តូរនេះ មានផលប៉ះពាល់ដល់ោផ្នេក PlayStation Game Studio ល្បីៗជាសាកលជាច្រើនដូចជា Insomniac Games, Naughty Dog, Guerrilla Games និង Firesprite ដែលនេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងយុទ្ធសាស្រ្តប្រតិបត្តិការរបស់ក្រុមហ៊ុន Sony។
ការសម្រេចចិត្តក្នុងការកាត់បន្ថយបុគ្គលិកដ៏ច្រើនពេលនេះ គឺកើតឡើងនៅពេលដែលឧស្សាហកម្មហ្គេម និងបច្ចេកវិទ្យាមានភាពច្របូកច្របល់ក្នុងការដឹកនាំអាជីវកម្មមួយនេះ ហើយក៏ស្របពេលដែលក្រុមហ៊ុនជាច្រើន ដែលស្ថិតក្នុងអាជិវកម្មដូចគ្នានេះ ក៏បាននឹងកំពុងធ្វើការកាត់បន្ថយកំលាំងពលកម្មស្រដៀងគ្នានេះដែរ។ គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Sony លើកនេះ គឺបានឆ្លុះបញ្ចាំងពីនិន្នាការថ្មីជាសកលក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅក្នុងវិស័យមួយនេះ ដោយសំដៅក្នុងការរក្សាភាពប្រកួតប្រជែង និងធានានិរន្តរភាពទីផ្សាររយៈពេលវែង។
ប្រធានផ្នែកអាជីវកម្ម PlayStation Division លោក Jim Ryan បានបង្ហាញពីការលំបាកនៃការសម្រេចចិត្តក្នុងការកាត់បន្ថយបុគ្គលិកលើកនេះ ដោយលោកបានសង្កត់ធ្ងន់លើផលប៉ះពាល់ជាសកលទៅលើបុគ្គលិករបស់ក្រុមហ៊ុន រួមទាំងអ្នកនៅធ្វើការនៅក្នុងស្ទូឌីយោអភិវឌ្ឍន៍សំខាន់ៗរបស់ Sony ផងដែរ។ ដូចជាការបិទស្ទូឌីយោទីនៅក្រុងឡុងដ៍របស់ខ្លួន ដែលត្រូវបានគេស្គាល់ថា ជាស្ទូឌីយោសម្រាប់ហ្គេម PlayStation VR រួមជាមួយនឹងការកាត់បន្ថយនៅក្នុងតំបន់សំខាន់ៗផ្សេងទៀត។
ហើយការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលមិនសមប្រកបក្នុងគោលដៅលក់ PS5 ដែលបានធ្វើឲ្យតម្លៃហ៊ុនរបស់ Sony ទទួលបានការប៉ះពាល់យ៉ាងខ្លាំង។ ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក្រុមហ៊ុនកំពុងសម្លឹងមើលការពង្រីកការយល់ដឹងបន្ថែមរបស់ខ្លួនដោយការវិនិយោគក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងបទពិសោធន៍នៅលើប្រព័ន្ធអ៊ីនធឺណិត។
ការបញ្ឈប់ការងារថ្មីៗនៅក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Microsoft, Unity, និង Discord បង្ហាញពីរយៈពេលនៃការកែតម្រូវ និងរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់អ្នកប្រើប្រាស់នៅក្នុងពិភពហ្គេម។ ការខិតខំប្រឹងប្រែងរបស់ Sony ក្នុងការសម្រួលប្រតិបត្តិការរបស់ខ្លួន និងផ្តោតលើចំណុចខ្លាំងស្នូល ដែលមានគោលបំណងក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍ និងការចែកចាយផលិតផលហ្គេមរបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយនាពេលអនាគត៕
