
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុន Sony នឹងមានគម្រោងក្នុងការផ្លាស់ប្តូរដ៏ធំមួយទៅលើយុទ្ធសាស្រ្តនៃស្មាតហ្វូនរបស់ខ្លួននាពេលដ៏ខ្លីនេះ។ យោងតាមរបាយការណ៍ជាច្រើន ដែលផ្សាយចេញពីប្រភពសារព័ត៌មានធំៗនៅក្នុងប្រទេសចិន បាននិយាយថា ក្រុមហ៊ុនជប៉ុនមួយនេះ បានពិចារណាក្នុងការចាកចេញពីទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន ដែលមានការប្រកួតប្រជែងខ្លាំងក្លានេះហើយ។
បើតាមរបាយការណ៍មួយចេញពីវិបសាយ mydrivers គឺបានសសេរថា ក្រុមហ៊ុន Sony នឹងមិនទាន់បញ្ចេញនូវស្មាតហ្វូន Xperia ជំនាន់ថ្មីរបស់ខ្លួននៅក្នុងប្រទេសចិននោះទេ ហើយក្រុមហ៊ុននេះ អាចនឹងចាកចេញពីទឹកដីរបស់ចិនទាំងស្រុងថែមទៀតផង។ សម្រាប់ហេតុផលជាក់លាក់នៃការសម្រេចចិត្តនេះ គឺនៅមិនទាន់មានការទម្លាយអោយច្បាស់នៅឡើយទេ ប៉ុន្តែវាអាចដោយសារតែអាជីវកម្មស្មាតហ្វូន Sony មានការពិបាកខ្លាំងនៅក្នុងប្រទេសចិននេះ។
គួរបញ្ជាក់ថា កាលពី 10 ឆ្នាំមុននេះ ក្រុមហ៊ុន Sony បានចូលប្រឡូកនៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិននេះ ដោយបានចាប់ផ្តើមទិញភាគហ៊ុនរបស់ក្រុមហ៊ុន Ericsson។ ខណៈពេលនោះក្រុមហ៊ុននេះ ចាប់ផ្តើមទទួលបាននូវភាពជោគជ័យខ្លាំងមែនទែនម។ មួយរយៈក្រោយមក ក្រុមហ៊ុន Sony បានចាប់ផ្តើមជួបស្ថានភាពលំបាកវិញ នៅពេលដែលក្រុមហ៊ុននេះ មានការប្រកួតប្រជែងក្នុងទីផ្សារ។ ក្រុមហ៊ុន Sony ចាប់ផ្តើមមានចំនែកទីផ្សារតិចតួចប៉ុណ្ណោះនៅក្នុងទីផ្សាររបស់ចិនរហូតមកដល់ពេលនេះ។

គួរបញ្ជាក់ថា ទាកទងនឹងការដកខ្លួនចេញពីទីផ្សាររបស់ចិននេះ អាចនឹងមិនមែនជាទីបញ្ចប់នៃវត្តមានរបស់ក្រុមហ៊ុន Sony នៅក្នុងឧស្សាហកម្មស្មាតហ្វូននោះទេ។ ក្រុមហ៊ុន Sony នៅតែមានជំនាញខ្លាំងក្លាទៅលើការផលិតសិនស័រកាមេរ៉ាស្មាតហ្វូន ហើយនៅតែមានចំនែកទីផ្សារធំនៅក្នុងទីផ្សារនេះ។ សូមជំរាបថា មកដលពេលនេះ ក្រុមហ៊ុន Sony មិនទាន់មានការបញ្ជាក់ជាផ្លូវការ ឬបដិសេធទៅលើរបាយការណ៍ទាំងនេះនៅឡើយទេ៕
