
Jimnyគឺជាប្រភេទរថយន្ត mini off-road ទ្វារ 3 ដ៏ពេញនិយមមួយរបស់ក្រុមហ៊ុន Suzuki។ ហើយនៅពេលនេះ Suzuki ទើបតែបានប្រកាសចេញជំនាន់ថ្មីឆ្នាំ 2026 របស់ Jimny នៅក្នុងប្រទេសជប៉ុនជាមួយនឹងការបង្កើនូវផលិតភាពថ្មីនៃប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើបជាងមុន និងប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងមុន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសពីការនាំយក Jimny ជំនាន់ថ្មីម៉ូដែល short-wheelbase ចូលទៅក្នុងទីផ្សារប្រទេសអូស្ត្រាលីផងដែរ។
Suzuki Jimny ឆ្នាំ 2026 ម៉ូដែល Lite មានបំពាក់មកជាមួយអេក្រង់កម្សាន្តមានទំហំ 7-inch និងបានដកចេញនូវម៉ាស៊ីនចាក់ CD ខណៈម៉ូដែល Jimny Standard បានបង្កើនទំហំអេក្រង់កម្សាន្តឡើងដល់ 9-inch។ បន្ថែមពីនេះ ក៏មានបំពាក់អេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 4.2-inch ផងដែរ។

ទៅការឌីស្សាញរូបរាងខាងក្រៅ និងការរៀបចំតុបតែលម្អផ្នែកខាងក្នុងកាប៊ីនរបស់ Jimny 2026 ឃើញថាមិនមានការផ្លាស់ប្តូរអ្វីខុសពីជំនាន់មុននោះទេ ប៉ុន្តែ Suzuki បានធ្វើការ Upgrade ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ ឲ្យមានសមត្ថភាពខ្ពស់ដូចគ្នានឹងម៉ូដែល Limited Jimny ទ្វារ 5 ដែរ។

សម្រាប់ប្រព័ន្ធមុខងារសុវត្ថិភាពថ្មីដែលបានភ្ជាប់មកជាមួយឡាន off-road ទ្វារ 3 ជំនាន់ថ្មីរបស់ Suzuki មួយនេះ មានដូចជា មុខងារប្រព័ន្ធហ្វ្រាំង Dual Sensor Brake Support II system, មុខងាររក្សារថយន្តក្នុងគន្លង Lane Departure Prevention, មុខងារកំណត់ល្បឿនតាមរថយន្តខាងមុខ Adaptive Cruise Control, ក៏ដូចជាប្រព័ន្ធសែនស័រមុខក្រោយជំនួយដល់ការចូលចត់ front and rear parking sensors ជាដើម។

Suzuki Jimny ឆ្នាំ 2026 ដំណើរការដោយប្រព័ន្ធម៉ាស៊ីន naturally aspirated 1.5-liter មាន 4 ស៊ីឡាំង អាចបង្កើតកម្លាំងបាន 101 សេះ ឬ 75kW និងកម្លាំងរួម 102PS ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខដៃ 5 វគ្គ ឬក៏ប្រអប់លេខស្វ័យប្រវត្តិ 4 វគ្គ ដែលភ្ជាប់ទាក់ដំណើរការដោយប្រព័ន្ធប៉ុងពីរ ឬ 4WD System។

Suzuki Jimny Series 2026 នឹងចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីនាខែមករា ឆ្នា 2026 ខាងមុខនេះ ជាមួយតម្លៃមិនទាន់គិតពន្ធអាករប្រហែល $20,700 សម្រាប់ម៉ូដែល Entry-Level Lite ខណៈម៉ូដែលស្តង់ដារប្រើប្រអប់លេខស្វ័យប្រវត្តិមានតម្លៃខ្ទង់ $23,600៕
