ស្វែងរកពួកយើង:

Tank 300 Diesel នឹងចូលទៅប្រជែងជាមួយ Ford Everest នៅលើប្រភេទរថយន្ត Off-Road ក្នុងទីផ្សារប្រទេសថៃ

ដោយ

Koun Jab Luffy

16 មីនា 2025 10:25 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន GWM Thailand បានប្រកាសជាផ្លូវការណ៍ថា នឹងមានការនាំចូលនូវរថយន្តម៉ូដែល Tank 300 Diesel ចូលទៅក្នុងទីផ្សារប្រទេសថៃក្នុងពេលឆាប់ៗខាងមុខនេះ ខណៈតម្លៃផ្លូវការណ៍នឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃទី 24 ខែមីនា ខាងមុខនេះ។ ទីផ្សាររថយន្តប្រភេទ SUV-D របស់ប្រទេសថៃត្រូវបានគ្រប់គ្រងជាយូរមកហើយដោយក្រុមហ៊ុន Toyota និង Ford ជាមួយនឹងម៉ូដែលដូចជា Toyota Fortuner និង Ford Everest ដែលជាម៉ូដែលនាំមុខគេ។
ជាពិសេស Ford Everest តែម្តង គឺជារថយន្ត SUV គ្រួសារដែលមានភាពលេចធ្លោជាងគេ ហើយក៏ជាគូប្រជែងដ៏ធំបំផុតរបស់ GWM Tank 300 ដោយផ្តល់ជូននូវជួរតម្លៃស្រដៀងគ្នា និងសមត្ថភាពបើកបរតាមផ្លូវប្រសើរជាងមុន។ GWM Tank 300 ពីមុន គឺមានតែជម្រើសប្រើម៉ាស៊ីន Hybrid តែប៉ុណ្ណោះ ដោយដំណើរការនៅលើម៉ាស៊ីនសាំង 2.0L turbocharged ដែលផ្តល់កម្លាំងបាន 244 សេះ និងកម្លាំងបង្វិល 380Nm និងភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនី e-motor មានកម្លាំង 106Ps និង 268Nm។
Article image
ខណៈដែល Ford Everest មានជម្រើសប្រើម៉ាស៊ីនម៉ាស៊ូត 2.0L Turbo diesel engine ដែលមានកំលាំង 170Ps និងកំលាំងបង្វិលជុំ 405Nm ហើយនិងជម្រើសប្រើម៉ាស៊ីនម៉ាស៊ូត 3.0L V6 diesel turbo ដែលមានកំលាំង 250Ps និងកំលាំងបង្វិលជុំ 600Nm ដែលផ្តល់នូវលទ្ធភាពក្នុងការបើកនៅលើផ្លូវ off-road។ បន្ថែមពីនេះ នៅក្នុងប្រទេសថៃ គឺជាទីផ្សារនៃការពេញនិយមប្រើរថយន្តប្រភេទ Pick-up ផងដែរ ហើយរថយន្ត Pick up ដែលពេញនិយមប្រើ និងលក់ដាច់ជាងគេ គឺជា Toyota HiLux។
ងាកមកម៉ូដែល GWM Tank 300 ដែលត្រៀមនាំចូលទៅក្នុងប្រទេសថៃវិញ គឺជាម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត 2.4L turbocharged diesel ដែលមាន 4 ស៊ីឡាំង ដែលអាចផលិតកំលាំងបាន 181 សេះ និងកំលាំងរមូល 480Nm ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 9 វគ្គ និងដំណើរការដោយប៉ុងពីរ ឬ Four-wheel-drive។ ទៅលើកម្រិតស៊ីប្រេងវិញ ត្រូវបានក្រុមហ៊ុនអះអាងថា គឺ 7.8L/100km ដែលស៊ីតិចជាងម៉ូដែល HEV ដែលស៊ីជិត 11.5L/100km សម្រាប់ការបើកបរនៅក្នុងក្រុង នេះបើតាមការរាយការណ៍ពីអ្នកប្រើប្រាស់ផ្ទាល់។
Article image
ហើយសម្រាប់ការបង្ហាញវត្តមានរបស់ Tank 300 diesel គឺជាការចាប់ផ្តើមសង្គ្រាមរបស់ GWM ទល់នឹងក្រុមហ៊ុន Ford នៅក្នុងទីផ្សាររថយន្ត SUV-D market របស់ប្រទេសថៃ។ ហើយក៏មានការរំពឹងថា GWM អាចនឹងនាំយកម៉ូដែល Tank 500 Diesel ចូលទៅកាន់ទីផ្សារប្រទេសថៃបន្ថែមទៀត ប្រសិនបើក្រុមហ៊ុនទទួលបានការគាំទ្រច្រើនពីសង្រ្គាម SUV-D market របស់ប្រទេសថៃ៕
Tank 300 Diesel នឹងចូលទៅប្រជែងជាមួយ Ford Everest នៅលើប្រភេទរថយន្ត Off-Road ក្នុងទីផ្សារប្រទេសថៃ