ស្វែងរកពួកយើង:

TCL បង្ហាញនូវស្មាតហ្វូនទម្រង់បត់បាន 3 បត់ដំបូងបំផុតរបស់ពិភពលោក នៅក្នុងព្រឹត្តិការណ៍ SID 2024

ដោយ

Koun Jab Luffy

22 ឧសភា 2024 09:45 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន TCL CSOT (TCL China Star Optoelectronics Technology) ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនបត់បាន 3 បត់ដំបូងបំផុតរបស់ពិភពលោក នៅក្នុងព្រឹត្តការណ៍ពិពរណ៍ Society for Information Display (SID) 2024។ វត្តមាមនរបស់សមិទ្ធិផលនៅពេលនេះ គឺបានចំណាយពេលវេលារយៈពេល 5 ឆ្នាំហើយ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសបង្ហាញនូវគំរូព្រាងនៃការឌីស្សាញស្មាតហ្វូននេះនៅក្នុងឆ្នាំ 2019 កន្លងមក។
ស្មាតហ្វូនជំនាន់ថ្មីនេះ មានការប្រើប្រាស់នូវអេក្រង់ 3 បត់ “Free-type” tri-foldable display ដែលមានទំហំដល់ទៅ 7.85-អ៊ីង ដែលផ្តល់នូវបទពិសោធន៍ដូចទៅនឹងការប្រើប្រាស់នូវថេប្លេតផងដែរ។ អេក្រង់ស្មាតហ្វូនថ្មីនេះ ជាធម្មតាគឺប្រើប្រាស់ជាទម្រង់ថេប្លេត ដោយសារតែទំហំធំ ហើយក៏អេក្រង់នេះ ក៏ទ្រទ្រង់ទៅលើទម្រង់បត់ដែលមានលក្ខណៈជា “G” និង “Z” បានយ៉ាងស្រស់ស្អាតថែមទៀតផង។
ស្មាតហ្វូនអេក្រង់បត់បាន 3 បត់ នេះ ត្រូវបានគេមើលឃើញថា មានបញ្ហាមួយដែលគួរពិចារណានោះគឺទៅលើកម្រាស់។ ក្រុមហ៊ុន TCL បានដោះស្រាយទៅលើបញ្ហានេះ ជាមួយនឹងម៉ូដែលថ្មីរបស់ពួកគេ ដោយសារតែពេលនេះ មានកម្រាស់ត្រឹមតែ  427 microns។ ស្មាតហ្វូននេះគឺមានការឌីស្សាញទម្រង់ Sensor Under Panel (SUP) ដែលអនុញ្ញាតអោយបច្ចេកវិទ្យា 3D facial recognition អាចដំណើរការបាននៅក្រោមអេក្រង់សម្រាប់ធ្វើការដោះសោរ និងការទូទាត់ប្រាក់ថែមទៀត។ អ្វីដែលគួរអោយកត់សម្គាល់នោះ ផ្ទៃនៃអេក្រង់ធម្មតា និង SUP នេះ គឺមានដង់ស៊ីតេភិចសែលចំនួន 420PPI ដែលធ្វើអោយការទស្សនាគឺអស្ចារ្យបំផុត។
អេក្រង់នេះ ក៏មានបំពាក់នូវបច្ចេកវិទ្យាទំនើបជាច្រើនដូចជា LTPO technology ដែលអនុញ្ញាតអោយស្មាតហ្វូននេះ អាចធ្វើការផ្លាស់ប្តូរទៅលើកម្រិត refresh rate បាននៅចន្លោះ 1Hz និង120Hz ជាមួយនឹងការប្រើប្រាស់នូវថាមពលថ្មតិចបំផុតក្នុងការប្រើប្រាស់។ ក្រុមហ៊ុន TCL បាននិយាយថា អេក្រង់នេះ គឺពិតជាធន់ក្នុងការប្រើប្រាស់បានយូរ។ គម្រោងផែនការរបស់ក្រុមហ៊ុន TCL ក្នុងការដាក់លក់ជាផ្លូវការទៅលើស្មាតហ្វូនបត់បាន 3 បត់នេះនៅមិនទាន់ច្បាស់នោះទេ។
Article image
សូមជំរាបថា មកដល់ពេលនេះ មានពាក្យចចចាមអារ៉ាមថា ក្រុមហ៊ុនជាច្រើនដូចជា Huawei គឺបានធ្វើការនៅលើស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុន Huawei អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូនបត់បាន 3 បត់ទំហំ 10-អ៊ីង នៅចុងឆ្នាំនេះផងដែរ៕
TCL បង្ហាញនូវស្មាតហ្វូនទម្រង់បត់បាន 3 បត់ដំបូងបំផុតរបស់ពិភពលោក នៅក្នុងព្រឹត្តិការណ៍ SID 2024