
នៅពេលនេះ ក្រុមហ៊ុន Huawei បានបន្តនូវសន្ទុះកំណើនកាន់តែខ្លាំងនៅលើទីផ្សារស្មាតហ្វូនរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិននៅត្រីមាសទី 2 ឆ្នាំ 2024 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានឡើងមកឈរនៅលើ Top 3 នៅក្នុងបញ្ជីក្រុមហ៊ុនដែលមានកំណើនកើនឡើងខ្លាំងប្រចាំឆ្នាំហើយ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏មានការកើនឡើងទៅលើចំណែកទីផ្សាររបស់ខ្លូននៅក្នុងប្រទេសចិនខ្លាំងជាងមុនថែមទៀតផង។
យោងតាមរបាយការណ៌របស់ TechInsights នាពេលថ្មីនេះ បានបង្ហាញថា ក្រុមហ៊ុន vivo, OPPO និង Huawei បានឈរនៅលើតារាង Top 3 នៅលើទីផ្សារស្មាតហ្វូនរបស់ចិនក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះ។ នៅក្នុងរបាយការណ៌នោះ គឺបានបន្តថា ក្រុមហ៊ុន Huawei បានក្លាយជាម៉ាកយីហោដែលមានកំណើនបំផុតនៅក្នុងទីផ្សារនេះ។ ក្រុមហ៊ុននេះ មានការនាំចេញស្មាតហ្វូនចំនួន 10.4 លានគ្រឿងនៅក្នុងត្រីមាសទី 2 នេះ ដែលមានកំនើនកើនឡើង 56.8% បើធៀបទៅនឹងឆ្នាំមុននេះដែលមានកំណើនកើនឡើងខ្ពស់ខ្លាំងបើធៀបទៅនឹងឆ្នាំមុននេះ។

ក្រុមហ៊ុន Huawei មានចំនែកទីផ្សារចំនួន 15.4% ដោយសារតែការលក់ទៅលើស្មាតហ្វូន Pura 70 Series ដែលបានបង្ហាញខ្លួនកាលពីខែមេសាឆ្នាំ 2024 កន្លងទៅនេះ។ សម្រាប់ពេលនេះ ក្រុមហ៊ុន Huawei ក៏បានចូលប្រឡូកទៅក្នុងទីផ្សារស្មាតហ្វូនបត់បានថ្នាក់កណ្តាលជាមួយនឹងស្មាតហ្វូន Nova Flip ផដងដែរ ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏នឹងជួយបង្កើនទៅលើប្រាក់ចំណេញនៃការលក់របស់ក្រុមហ៊ុននេះច្រើនជាងមុនផងដែរ។

ក្រុមហ៊ុន vivo នេះ បានទទួលនូវចំណាត់ថ្នាក់លេខ 1 ជាមួយនឹងការនាំចេញស្មាតហ្វូនបានចំនួន 13.1 លានគ្រឿង។ ក្រុមហ៊ុននេះ សម្រេចបាននូវចំណែកទីផ្សារចំនួន 19.4% និងកើនឡើង 13.9% ប្រចាំឆ្នាំ។ ក្រុមហ៊ុន OPPO លក់ស្មាតហ្វូនបានចំនួន 11.2 លានគ្រឿង ដែលមានចំណែកទីផ្សារចំនួន 16.4%។ បើទោះបីជាមានការ បង្ហាញនូវផលិតផលថ្មីៗជាច្រើនក៏ដោយនោះ ក្រុមហ៊ុននេះ មានការធ្លាក់ចុះ 8.2% បើធៀបទៅនឹងឆ្នាំមុននេះ។

ទីផ្សារស្មាតហ្វូនសរុបរបស់ចិន នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះ គឺមានការកើនឡើង 5% បើធៀបទៅនឹងឆ្នាំមុននេះ។ វាក៏មានការនាំចេញសរុបចំនួន 67.4 លានគ្រឿង។ អ្នកវិភាគនេះ បានជឿជាក់ថា ការរៀបចំនូវកម្មវិធីប្រូម៉ូសិន និងការពង្រឹងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់នោះ នឹងអាចជួយក្រុមហ៊ុននេះ មានការបង្កើននូវកំណើននៃការលក់របស់ខ្លួនបានកាន់តែច្រើន៕
