
ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានក្លាយជាម៉ាកយីហោដំបូងគេដែលបានបង្ហាញវត្តមានស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ពិភពលោក ដោយម៉ូដែលថ្មីនេះមានឈ្មោះហៅថា Huawei Mate XT មានកម្រាស់ 12.8mm នៅពេលបិទ និងកម្រាស់ 3.6mm នៅពេលដែលបើក។ តាមដំណឹងថ្មីៗនេះបាននិយាយថា ក្រុមហ៊ុន Huawei ត្រូវគេរំពឹងថា នឹងបង្ហាញស្មាតហ្វូន Mate XT 2 នៅក្នុងប្រទេសចិននៅខែកញ្ញាឆ្នាំនេះទៀតហើយ។
ពាក់ព័ន្ធនឹងព័ត៌មានថ្មីនេះ ក្រុមហ៊ុន Samsung ក៏ត្រូវគេរាយការណ៍ថា បានកំពុងតែអភិវឌ្ឍទៅលើស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួនដែលមានឈ្មោះហៅថា Galaxy Z TriFold ដូចគ្នា។ ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ ក្រុមហ៊ុន Tecno ក៏បានចេញមកប្រកាសវត្តមានស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួនដែលមានឈ្មោះហៅថា Tecno Phantom Ultimate G Fold ផងដែរ ដែលនេះគឺជាស្មាតហ្វូនជំនាន់ថ្មីបន្ទាប់ពីវត្តមានស្មាតហ្វូន Phantom Ultimate 2 ដែលបង្ហាញខ្លួនដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ IFA 2024 កន្លងមក។

Phantom Ultimate G Fold គឺជាស្មាតហ្វូនបត់បាន 3 តង់ ដែលមានទម្រង់បត់ចូលក្នុង ដែលអាចលាក់នូវអេក្រង់ដ៏ធំរបស់វានៅពេលដែលមិនប្រើប្រាស់។ ខុសប្លែកពីទម្រង់បត់ចេញក្រៅនោះ ទម្រង់បត់ថ្មីនេះ អាចការពារអេក្រង់ពីស្នាមឆ្កូត និងការធ្លាក់ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 9.94-អ៊ីង ដែលអាចបត់បានចូលក្នុងបាន 2 បត់ ហើយនឹងមានបំពាក់នូវ Dual-Hinge ថែមទៀតផង។ សម្រាប់អេក្រង់ខាងក្រៅវិញក៏អាចប្រើប្រាស់បានដូចជាស្មាតហ្វូនធម្មតាដោយមិនចាំបាច់ត្រូវបើកស្មាតហ្វូននេះទេ។
ក្រុមហ៊ុន Tecno បានអះអាងថា ស្មាតហ្វូនអេក្រង់បត់បាន Phantom Ultimate G Fold គឺជាស្មាតហ្វូនបត់បាន 3 តង់ស្តើងបំផុតដែលមានកម្រាស់ 11.49mm នៅពេលបើក និងកម្រាស់ 3.49mm នៅពេលបើក។ សម្រាប់គន្លឹះនេះ គឺប្រើប្រាស់នូវដែកថែប 2000MPa ultra-high-strength steel ខណៈពេលដែលផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺផលិតចេញពី 0.3mm titan fibre ។ ស្មាតហ្វូននេះ មានបន្ទះឈីបកម្រិតខ្ពស់ កាមេរ៉ា 3 គ្រាប់ និងថាមពលថ្មលើសពី 5,000mAh ។

Concept Phone នេះ គឺជាគំរូ Prototype ថ្មីដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់នាពេលអនាគត រួមជាមួយនឹងការឌីស្សាញដែលមានភាពច្នៃប្រឌិតខ្ពស់ជាច្រើនទៀត។ ក្រុមហ៊ុន Tecno បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Phantom Ultimate G Fold នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC 2026 ផងដែរ៕
