
កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Tecno ទើបតែបង្ហាញនូវស្មាតហ្វូនថ្មី Pova 6 Pro របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2024។ នៅពេលនេះ ក្រុមហ៊ុននេះ បានត្រៀមខ្លួននៅក្នុងការបង្ហាញស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី 29 ខែមីនាខាងមុខនេះ ហើយនឹងដាក់លក់នៅលើវេបសាយ Amazon។ នៅពេលនេះ នៅលើ Landing Page របស់ស្មាតហ្វូននេះ រួមជាមួយនឹង X Profile របស់ក្រុមហ៊ុននេះ ក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ នៅមុនការប្រកាសនៅក្នុងប្រទេសឥណ្ឌាថែមទៀត។
នៅក្នុងរូបភាព Poster ដែលបានទម្លាយដោយក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Pova 6 Pro នេះនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលមានថាមពលថ្ម 6,000mAh នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 70W fast charging។ ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB និងអាចបន្ថែមរ៉េមទំហំ 12GB Virtual RAM ហើយនិងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB។ ក្រុមហ៊ុននេះ ទើបតែបញ្ជាក់តាមរយៈគណនី Pova Mobile របស់ខ្លួននៅលើ X ថា ស្មាតហ្វូន Pova 6 Pro នេះនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 6080។ ស្មាតហ្វូននេះ នឹងផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។
តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ Tecno Pova 6 Pro នេះ អាចទ្រទ្រង់នូវសីតុណ្ហភាពដល់ទៅ -20°C មានសមត្ថភាពធន់ក្នុងការប្រើប្រាស់បានដល់ទៅ 6 ឆ្នាំ ហើយថាមពលថ្មនៅលើស្មាតហ្វូននេះនៅតែមានកម្រិត 80%។ បន្ថែមពីនេះ ស្មាតហ្វូននេះក៏មាន IP53 ផងដែរ។ សម្រាប់លក្ខណៈសម្បតិ្តជាច្រើនទៀតរបស់ស្មាតហ្វូននេះនឹងទម្លាយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ស្មាតហ្វូន Pova 6 Pro នេះនឹងមានតម្លៃប្រហែលជា Rs 20,000 (~$240) នៅក្នុងប្រទេសឥណ្ឌា។

ស្មាតហ្វូន Tecno Pova 6 Pro នេះមានអេក្រង់ទំហំ 6.78-អ៊ីង AMOLED កម្រិត FHD+ ល្បឿន 120Hz display និងមាន កាមេរ៉ាខាងមុខទំហំ 32-Megapixel ហើយនិងមានប្រព័ន្ធសំលេង Dual Stereo។ ស្មាតហ្វូននេះដំណើរការនៅលើប្រព័ន្ធ Android 14 ផ្អែកលើ HiOS 14 រួមនិងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងមានប្រព័ន្ធភ្លើង LED Lighting System នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូនថែមទៀតផង៕
