
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Tecno បានធ្វើការប្រកាសចេញស្មាតហ្វូនស៊េរីថ្មី Tecno POVA 5 Pro កាលពីខែសីហា កន្លងទៅ ហើយនៅខណៈពេលនេះ ក្រុមហ៊ុនក៏បាននឹងកំពុងធ្វើការលើសង្វាក់ជំនាន់បន្ទាប់មួយទៀតរបស់ Pova 5 Pro ផងដែរ។ បើតាមប្រភពចេញពី Tecno ផ្ទាល់បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Pova 6 Pro នឹងត្រូវនាំយកទៅប្រកាសបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2024 នៅទីក្រុងបាសេឡូណា នៅខែក្រោយនេះ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Tecno Pova 6 Pro គឺជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនដែលបំពាក់នូវបច្ចេកវិទ្យា Dolby Atmos ដែលជាការចាប់ដៃសហការគ្នាដំបូងរវាង Tecno និង Dolby ក្នុងការនាំយកប្រព័ន្ធបច្ចេកវិទ្យាសំឡេងកម្រិតខ្ពស់សម្រាប់ឧបករណ៍របស់ Tecno។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមថា មិនមែនមានតែម៉ូដែល Pova 6 Pro នោះទេ ដែលគាំទ្របច្ចេកវិទ្យាសំឡេង Dolby Atmos ក្នុងនោះ សមាជិក Pova 6 Series ក៏ទទួលបានការបំពាក់បច្ចេកវិទ្យាសំឡេងនេះដូចគ្នា។ ហើយសម្រាប់អនាគតស្មាតហ្វូនម៉ាក Tecno Camon និង Phantom Series ក៏នឹងទទួលបានការបំពាក់បច្ចេកវិទ្យា Dolby Atmos នេះផងដែរ។

ក្រុមហ៊ុន Tecno បាននិយាយថា ខ្លួននឹងផ្តល់ជូនអ្នកប្រើប្រាស់ផលិតផលស្មាតហ្វូន Tecno ជាមួយនឹងបទពិសោធន៍សំឡេងកម្រិតខ្ពស់ (Dolby Atmos spatial sound) ប្រកបដោយគុណភាព លឺពិរោះ ច្បាស់ រងំរណ្តំត្រចៀក កម្រិតស្តេរ៉េអូ ជាពិសេសនៅពេលភ្ជាប់ជាមួយកាស wireless earbuds ឬ Headphone។
