ស្វែងរកពួកយើង:

Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

ដោយ

Koun Jab Luffy

11 តុលា 2025 09:23 ព្រឹក

អាន 2 នាទី

Article image
នេះគឺជាឡាន SUV អគ្គិសនី Tesla Model Y Standard ថ្មី ដែលទើបតែបានបង្ហាញខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយវាមានតម្លៃត្រឹមតែ $39,990 ប៉ុណ្ណោះ ពោលគឺធូរថ្លៃជាងមុន $5,000 បើប្រៀបធៀបនឹង ម៉ូដែល Tesla Model Y RWD Premium។
Tesla Model Y Standard ថ្មីនេះ បំពាក់ម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (RWD) ហើយប្រើកញ្ចប់អាគុយ ទំហំ 69 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 321 ម៉ាយ៍ ឬប្រហែល 515 KM។ វាអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 6.8 វិនាទី និងមានល្បឿន Top Speed 201 KM/H។ បើនិយាយពីរូបរាងវិញ ឡាន SUV អគ្គិសនីមួយនេះ ក៏បានផ្លាស់ប្តូរមុខមាត់ថ្មីដែរ ដោយលែងប្រើ របា LED លាតពេញផ្នែកខាងមុខទៀតហើយ សូម្បីតែស្តុប LED ខាងក្រោយក៏ដូចគ្នាដែរ គឺលែងមានរបាកាត់ទទឹងពេញទៀតហើយ និងបំពាក់យ៉ាន់កង់ទំហំ 18 អ៊ីញមកស្តង់ដារ។
Article image
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វានៅតែរក្សាការរៀបចំបែបតិចនិយម និងប្រើអេក្រង់កម្សាន្ត ទំហំធំជាងមុន 15.4 អ៊ីញ ប៉ុន្តែបានដក Option មួយចំនួនដូចជា លែងមានមុខងារកៅអីក្តៅត្រជាក់, លែងមានអេក្រង់ Touchscreen សម្រាប់អ្នកដំណើរផ្នែកខាងក្រោយ ទំហំ 8 អ៊ីញ, ដៃចង្កូតសារ៉េដៃធម្មតា, Speaker មានត្រឹម 7 គ្រាប់, កៅអីជួរទី 2 កាច់សារ៉េធម្មតា ហើយសូម្បីតែមុខងារភ្លើងឌីម Ambient Lighting ក៏លែងមានដែរ។
Article image
ចំណុចដែលគួរឲ្យកត់សម្គាល់មួយទៀតនោះគឺ ប្រព័ន្ធជើងក្រោមរបស់ Tesla Model Y Standard ក៏ខុសគ្នាពីម៉ូដែលផ្សេងដែរ។យ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla បានអះអាងថា Model Y មានកាប៊ីនស្ងាត់ និងប្រណីតជាងមុន ដោយសារតែ ការពង្រឹងទៅលើកម្រិត Aerodynamic, បំពាក់កញ្ចក់ប្រភេទ Acoustic Glass ថ្មី និង ប្រើសំបកកង់ដែលអាចកាត់សំឡេងរំខានបានថែមទៀតផង៕
Article image