
នៅទីបំផុតមហាសេដ្ឋីផុតលេខ Elon Musk ដែលជាមេធំរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានបង្ហាញចេញរថយន្តអគ្គិសនីស៊េរីថ្មីជាប្រភេទរថយន្ត robotaxi ដែលគ្មានមនុស្សបើក មានឈ្មោះផ្លូវការណ៍ថា Tesla Cybercab។ Tesla Cybercab គឺបាន Tesla ធ្វើការកម្លាយរចនាបថចេញពីកំពូលរថយន្តអគ្គិសនី Cybertruck ព្រោះថានៅផ្នែកខាងមុខមានបំពាក់នូវចង្កៀងភ្លើង LED មួយខ្សែ និងចង្កៀងបំភ្លឺក្រោយមួយខែ្សដូចគ្នា ដែលរំលេចរចនាបថបែបរថយន្តនាពេលអនាគត។
ដោយសារតែរថយន្តអគ្គិសនីបែបអនាគតរបស់ Tesla មួយនេះបំពាក់នូវប្រព័ន្ធដំណើរការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ជាមួយបច្ចេកវិទ្យា Full Self-Driving (FSD) របស់ Tesla ដែលដំណើរការដោយពឹងផ្អែកទៅលើបច្ចេកវិទ្យា AI5 Computer ជំនាន់ចុងក្រោយភ្ជាប់ដំណើរការជាមួយប្រព័ន្ធកាមេរ៉ា ទើបអនុញ្ញាតិឲ្យ Tesla អាចដកចេញនៅផ្នែកសំខាន់ៗជាច្រើនដូចជា ដៃចង្កូត ឈ្នាន់ហ្វ្រាំង ឈ្នាន់ហ្គែរ ចង្កឹះលេខជាដើម ដោយនៅផ្នែកខាងក្នុងរថយន្តមានភាពស្រឡះល្អ គឺមានតែកៅពីរសម្រាប់អ្នកដំណើរ និងអេក្រង់ធំមួយនៅកណ្តាល Dashboard តែប៉ុណ្ណោះ។

បន្ថែមពីនេះដោយសារតែ Tesla Cybercab ជាប្រភេទរថយន្តបើកបរដោយខ្លួនឯង ដូច្នេះ វាមិនមានដៃទ្វារ និងកញ្ចក់ចំហៀងមើលក្រោយនោះទេ។ ចំនែកទ្វារទាំងពីរសងខាងរបស់ Cybercab ត្រូវបានរចនាបើកឡើងដូចស្លាបបក្សីអីចឹង។ រថយន្តនេះ គាំទ្របច្ចេកវិទ្យាសាកភ្លើងឥតប្រើខ្សែ Wireless Charging ដូចនេះវាមិនរន្ធសាកភ្លើង និងឆ្នាំងសាកឡើយ។ ជាមួយគ្នានេះសម្រាប់យ៉ាន់កង់របស់ Cybercab ក៏ត្រូវបានរចនាឡើងដោយមានគម្រប់បិទពីលើថែមទៀតផងហៅថា Solid-Aero Cover។

ទោះបីជា Tesla បានបញ្ចេញ Cybercab ដែលជា robotaxi ជាផ្លូវការណ៍ក៏ពិតមែន ប៉ុន្តែ សម្រាប់ការផលិតអាចនឹងត្រូវពន្យាពេលដោយសារតែត្រូវសុំច្បាប់ផលិត ព្រោះថារថយន្តមួយនេះដំណើរការដោយគ្មានមនុស្សបើក ហើយគ្មានទាំងដៃចង្កូត និងសូម្បីឈ្នាន់ហ្គែរ ឬហ្វ្រាំង។ ទោះជាយ៉ាងណា Tesla Cybercab ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅមុនឆ្នាំ 2027 ហើយតម្លៃវិញ អាចខ្ទង់ក្រោម $30,000៕
