ស្វែងរកពួកយើង:

Tesla Model Y “Juniper” មានការបញ្ជាទិញ 5 ម៉ឺនគ្រឿង បន្ទាប់ពីការបង្ហាញវត្តមាននៅចិនបាន 1 ថ្ងៃ

ដោយ

Koun Jab Luffy

13 មករា 2025 08:55 ព្រឹក

អាន 3 នាទី

Article image
កាលពីថ្ងៃទី 10 ខែមករានេះ ក្រុមហ៊ុន Tesla បានប្រកាសសម្ពោធជាផ្លូវការណ៌ Tesla Model Y “Juniper” នៅលើទីផ្សារប្រទេស ចិន។ បើតាមការបង្ហោះពីអ្នកលេងប្លុក 长三角行健者 (Zhang San Jiao Xing Jian Zhe) បានបញ្ជាក់ថា នៅថ្ងៃនេះ រថយន្តនេះ គឺមានការបញ្ជាទិញមុនចំនួន 5 ម៉ឺនគ្រឿង។ បន្ថែមពីនេះ បើតាមអ្នកលក់រថយន្ត Tesla នៅក្នុងប្រទេសចិន បានអោយដឹងដែរថា នៅថ្ងៃទី 10 មករាកន្លងទៅនេះ គឺមានការបញ្ជាទិញរថយន្ត Tesla Model Y ស៊េរីថ្មីចំនួន 300 គ្រឿង ដែលភាគច្រើន គឺសុទ្ធសឹងតែជាបុគ្គលល្បីៗ។ អ្នកលក់រូបនេះ បន្តថា សម្រាប់អ្នកដែលបានកក់ទុកមុន ក៏ដូចជាតំរង់ជួរទិញនរថយន្តនេះ គឺត្រូវតែរង់ចាំដល់ខែមេសា ឬខែឧសភា ទើបទទួលបានរថយន្តថ្មីនេះ។
សូមជំរាបថា Model Y ស៊េរីឆ្នាំ 2025 ដែលទើបតែបានបង្ហាញខ្លួនថ្មីៗនេះ ត្រូវបាន Tesla ដាក់ឈ្មោះឲ្យថា Juniper ដែលទទួលបានការអាប់ដេតជាច្រើន រួមទាំង ការឌីហ្សាញផ្នែកខាងក្រៅ និងខាងក្នុង ព្រមទាំងបំពាក់បច្ចេកវិទ្យាកាន់តែច្រើន ហើយអ្វីដែលសំខាន់នោះ វានឹងមានសន្ទុះល្បឿន លឿនជាងមុន, ស្ងាត់ជាងមុន និង ជិះរលូនជាងមុន ព្រមទាំងអាចបើកបរបានឆ្ងាយជាងមុន ទៀតផង។
នៅពេលចេញលក់ដំបូង ឡាន Tesla Model Y ឆ្នាំ 2025 នឹងផ្តល់ជូនជម្រើសចំនួន 2 ប្រភេទ គឺប្រភេទ RWD និង ប្រភេទ Long Range AWD។ ទោះបីជាយ៉ាងណាក៏ដោយ Tesla មិនទាន់បង្ហាញពីទំហំអាគុយរបស់វាឡើយ ប៉ុន្តែគេបានប៉ាន់ស្មានថា Model Y ថ្មីនេះ អាចបើកបរបានចម្ងាយខ្ទង់ 460km (RWD) និង 550km (Long Range AWD)។
ជាមួយគ្នានេះដែរ ថ្វីបើមិនទាន់បានតួលេខច្បាស់ ពីកម្លាំងម៉ូទ័ររបស់វា ប៉ុន្តែគេបានដឹងថា ប្រភេទ RWD អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹឹម 5.9 វិនាទី ខណៈប្រភេទ Long Range AWD ចាយពេលត្រឹម 4.3 វិនាទីប៉ុណ្ណោះ ដោយសារមានមុខងារ Acceleration Boost មកស្តង់ដារ។ យ៉ាងណាមិញ Tesla Model Y Performance ដែលជាប្រភេទកម្លាំងខ្លាំងបំផុតនោះ ក៏នឹងបង្ហាញខ្លួន និងចេញលក់ នាពេលក្រោយ ផងដែរ។
ក្រុមហ៊ុន Tesla បានអះអាងថា Model Y 2025 នឹងមានកាប៊ីនស្ងាត់ និងប្រណីតជាងមុន ដោយសារតែ ការពង្រឹងទៅលើកម្រិត Aerodynamic, បំពាក់កញ្ចក់ប្រភេទ Acoustic Glass ថ្មី, កែកុនប្រព័ន្ធជើងក្រោម និង ប្រើសំបកកង់ ដែលកាត់សំឡេងរំខាន ថែមទៀតផង។ បើនិយាយពីរូបរាងវិញ ឡាន SUV អគ្គិសនីមួយនេះ ក៏បានផ្លាស់ប្តូរមុខមាត់ថ្មីដែរ ដោយមើលទៅស្រដៀងនឹង Tesla Cybertruck ដែរ ព្រោះវាបានបំពាក់អំពូលបំភ្លឺពេលថ្ងៃ LED លាតពេញផ្នែកខាងមុខ ដាច់ដោយឡែកពីសំណុំអំពូលហ្វាកូត និងបានកែកុនកាងមុខថ្មី ផងដែរ។
Article image
ចំណុចពិសេស និងគួរឲ្យចាប់អារម្មណ័មួយទៀតលើរូបរាងរបស់វា គឺ នៅផ្នែកខាងក្រោយ ព្រោះវាបានបំពាក់ស្តុបក្រោយរាងស្លីមមួយឈ្នូត លាតពេញផ្នែកខាងក្រោយ ដែល Tesla ហៅថា Indirect Reflective Body Panel Taillight ដែលមានសភាពភ្លាត បង្កើតចេញជាស្រមោលអំពូល មើលទៅពិតជាប្លែកខ្លាំងមែន។ សូមបញ្ជាក់ថា Tesla Model Y ឆ្នាំ 2025 មានប្រវែងតួខ្លួនវែងជាងមុន 41mm សរុបស្មើនឹង 4.79m។
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វានៅតែរក្សាការរៀបចំបែបតិចនិយម ប៉ុន្តែបានប្រើអេក្រង់កម្សាន្ត ទំហំធំជាងមុន 15.4 អ៊ីញ ហើយបន្ថែមអេក្រង់ Touchscreen សម្រាប់អ្នកដំណើរផ្នែកខាងក្រោយ មួយទៀត ទំហំ 8 អ៊ីញ។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់កៅអី ឌីហ្សាញ និងប្រើប្រាស់វត្ថុធាតុដើមថ្មី ដែលអាចផ្តល់ឲ្យនូវកម្រិត Comfort និង Support បានប្រសើរជាងមុន ហើយក៏បានបន្ថែមមុខងារបញ្ចេញខ្យល់ត្រជាក់ សម្រាប់កៅអីជួរខាងមុខ ខណៈកៅអីផ្នែកខាងក្រោយ អាចចុចសារ៉េទម្លាក់ឲ្យរាបស្មើបាន ទៀតផង។
Article image
ជាមួយគ្នានេះដែរ ចាប់តាំងពីតាបឡូ, ប្លុកបញ្ជាផ្នែកកណ្តាល និង បន្ទះទ្វារ សុទ្ធតែត្រូវបានរចនាឡើងវិញ និងបំពាក់បន្ទះភ្លើង Ambient Lighting ថ្មី ហើយបំពាក់ប្រព័ន្ធ Speaker ថ្មី ដែលផ្តល់គុណភាពសំឡេងប្រសើរជាងមុន ផងដែរ ប៉ុន្តែ Model Y Juniper នេះ នៅតែប្រើចង្កឹះស៊ីញ៉ូ នៅជាប់ដៃចង្កូតដដែល។
Tesla Model Y “Juniper” មានការបញ្ជាទិញ 5 ម៉ឺនគ្រឿង បន្ទាប់ពីការបង្ហាញវត្តមាននៅចិនបាន 1 ថ្ងៃ